ខ្មៅដៃ និង ជ័រលុប

              បញ្ញាគឺជាកុមារដ៏ឈ្លាសវៃ។ វាតែងតែជួយដល់លោកចៅហ្វាយក្រុង ក្នុងការដោះស្រាយបញ្ញាផ្សេងៗជាច្រើនលើក ទើបលោកចៅហ្វាយក្រុងពេញចិត្តននឺងចៅបញ្ញាជាខ្លាំង។ ដោយសារតែខ្លួនជាមនុស្សឈ្លាសវៃនេះហើយ ទើបធ្វើឲ្យវាមិនសូវចូលចិត្តទៅសាលារៀនប៉ុន្មានទេ ព្រោះវាយល់ថា ខ្លួនឯងមានចំណេះដឹងល្មមគ្រាប់គ្រាន់ហើយ មិនចាំបាច់ខាតពេលទៅរៀនអ្វីទៀតនោះទេ។

          ថ្ងៃមួយកុមារបញ្ញា បានបបួលមិត្តភក្តិក្នុងថ្នាក់រៀនទាំងអស់ ឲ្យគេចពីសាលាទៅដើរលេង។ លោកគ្រូដឹងច្បាស់ថា បញ្ញាជាអ្នកនាំភ្លើងក្នុងការគេចសាលាលើកនេះ គាត់ក៏ធ្វើដំណើរទៅជួបលោកចៅហ្វាយក្រុង ដើម្បីរាយការណ៍ពីការប្រព្រឹត្តមិនល្អរបស់កុមារបញ្ញា។ ឯបញ្ញ កាលបើបានចេញទៅដើរលេងសប្បាយជាមួយមិត្តភក្តិពេញមួយថ្ងៃហើយ លុះដល់ម៉ោងឈប់រៀនគេ​ក៏ធ្វើពើជាត្រឡប់មកពីសាលាទៅផ្ទះវិញ ប៉ុន្តែពេលទៅដល់ផ្ទះ វាឃើញលោកចៅហ្វាយក្រុងមកឈរចាំទទួលវាដោយទឹកមុខមាំស្រេចទៅហើយ។

          “បញ្ញា! តើឯងទើបមកពីណា” លោកចៅហ្វាយក្រុងគំហក។

          វាដឹងថា ម្តងនេះមុខជាត្រូវរំពាត់មិនខាន បើនិយាយកុហកប្រហែលជារួចខ្លួន តែដោយខ្លួនមិនចេះនិយាយកុហក វាក៏ព្រមសារភាពដោយត្រង់ៗ។ បន្ទាប់ពីលោកចៅហ្វាយក្រុងទូន្មានកុមារបញ្ញារួចរាល់ហើយ គាត់ក៏និយាយបន្ត “ពុកនឹងវាយឯងប្រាំរំពាត់ពីទោសគេចសាលា ហើយប្រាំរំពាត់ទៀតពីទោសនាំមិត្តភក្តិគេចសាលាទៅជាមួយដែរ!” ឮដូច្នោះបញ្ញាភ័យខ្លាចត្រួវរំពាត់ជាខ្លាំងទើបវាប្រឹងរកវិធីដោះស្រាយដើម្បីយករួចខ្លួន។

          បញ្ញា និយាយដោយធ្វើទឹកមុខក្រៀមក្រំថា “បើលោកពុកចង់ដាក់ទោសខ្ញុំ!

   ខ្ញុំរីករាយនឹងទទួល តែមុននឹងលោកពុកដាស់ ខ្ញុំចង់ដាក់ទោសខ្លួនឯងជាមុនសិន ដោយការសរសេរសារភាពទោសកំហុសនៅចំពោះលោកពុក!…”

          “បាន! ល្អណាស់ឯងចេះទទួលកំហុស តែឯងកុំគិតថាពុកបន្ធូរបន្ថយទោសឲ្យសោះ!” លោកចៅហ្វាយក្រុងនិយាយដោយសំឡេងម៉ឹងម៉ាត់។

          “បាទពុក!”​ សន្យារួច បញ្ញយកខ្មៅដៃនិងសៀវភៅចេញពីក្នុងកាបូបដើម្បីសរសេរអក្សរ តែពេលសរសេរបានពីរបីពាក្យ វាក៏ធ្វើជាសរសេរខុស ហើយយកជ័រលុបដែលនៅជាប់នឹងខ្មៅដៃមកលប់ពាក្យសរសេរខុសនោះព្រមទាំងរអ៊ូង៉ូវៗតែម្នាក់ឯងថា… “អ្នកធ្វើខ្មៅដៃនេះឆ្លាតមែនទែន គេដឹងថាមនុស្ស អាចនឹងសរសេរខុសញឹកញាប់​ ទើបគេដាក់ភ្ចាប់ជ័រលុបមកជាមួយដើម្បីឲ្យយើងអាចលុបពាក្យដែលសរសេរខុសនោះចេញ… តែគួរឲ្យស្ដាយដែលក្មេងដូចជារូបខ្ញុំ នៅពេលធ្វើអ្វីមួយខុសឆ្គងគ្មានជ័រលុបដើម្បីលុបកំហុសឆ្គងនោះសោះ បើទោះជាកំហុសនោះកើតឡើងដោយមិនបានតាំងចិត្តក៏ដោយ។ ខ្ញុំចង់ឲ្យមានមនុស្សធំចិត្តល្អណាម្នាក់មកធ្វើជាជ័រលុបឲ្យខ្ញុំមែនទែន ដើម្បីឲ្យខ្ញុំមានឪកាសបានកែប្រែកំហុសឆ្គងនេះ” បញ្ញានិយាយដោយទឹកមុខទុក្ខព្រួយព្រមទាំងសម្លឹងមើលនៅក្នុងដៃរបស់គេ។

         “ឯងនេះចំជាពូកែលេងវោហារមែន!” លោកចៅហ្វាយក្រុងពោលដោយក្តីពេញចិត្ត រួចហើយក៏ដើរទៅចាប់យកខ្មៅដែរបស់បញ្ញា ដោយហុចប៊ិចមួយឲ្យជំនួសវិញ រួចគាត់ និយាយបន្តទៅរកកូន “ពិតមែនហើយ!​ ខ្មៅដៃគូជាមួយនឹងជ័រលុប ព្រោះគេដឹងថា មនុស្សយើងអាចធ្វើឲ្យមានកំហុសឆ្គងគ្រប់ពេលវេលាបាន តែខ្មៅដៃសម្រាប់តែកូនក្មេងប៉ុណ្ណោះ! សម្រាប់ក្មេងធំដូចជាឯងគួរប្រើប៊ិចវិញប្រសើរជាង” លោកចៅហ្វាយក្រុងញញឹមបន្តិចមុននឹងនិយាយបន្ត “ហើយតើឯងដឹងឬទេថាហេតុអីបានជាគេឲ្យមនុស្សធំប្រើប៊ិច ក្នុងការសរសេរជំនួសខ្មៅដៃវិញនោះ? ព្រោះមនុស្សធំត្រូវតែប្រុងប្រយ័ត្ត ពុំត្រូវធ្វើឲ្យមានកំហុសដោយងាយៗនោះទេ កំហុសឆ្គងដែលកើតចេញពីមនុស្សធំ ច្រើនតែជារឿងធំ និងមានផលប៉ះពាល់ដល់អ្នកដទៃជាច្រើនផងដែរ ហើយពេលខុសឆ្គងម្ដងៗវាពិបាកនឹងលុបដូចដែលយើងលុបទឹកប៊ិចហ្នឹងអញ្ចឹង!​ ឬបើលុបបានក៏មុខតែនៅមានស្នាមដែរ…”

          លោកចៅហ្វាយក្រុងទូន្មានបញ្ញា មុននឹងលើកលែងទោសឲ្យ ព្រោះយល់ដល់ភាពឈ្លាសវៃរបស់វា ប៉ុន្តែគាត់ប្តូរការដាក់ទោស ដោយការកាត់ប្រាក់ចាយវាយ និងហាមមិនឲ្យវាធ្វើនេះធ្វើនោះតាមតែអំពើចិត្តតទៅទៀត។

 

​          មនុស្សយើងអាចប្រព្រឹត្តអំពើឆ្គងបាន ប៉ុន្តែមិនគួរយកពាក្យនេះ

        ធ្វើជាលេសក្នុងការប្រព្រឹត្តអំពើខុសឆ្គងនោះទេ

        ព្រោះឪកាសក្នុងការកែប្រែកំហុស ពុំមែនចេះតែមានគ្រប់ពេលនោះទេ!