រៀនដើរតាមដំណើរគេ

          “ បើនឹងធ្វើត្រាប់តាមគេ គួរធ្វើត្រាប់ដោយប្រើវិចារណញ្ញាណ “

               មនុស្សម្នាក់ៗ តែងមានចំណុចលេចធ្លោពិសេសផ្ទាល់ខ្លួន ដែលខុសពីអ្នកផ្សេងគ្រាន់តែពេលវេលាមិនទាន់មកដល់។ អ្នកខ្លះ ច្រើនធ្វើអ្វីពុំសូវបានល្អដូចគេ។ ដើម្បីបំពេញចន្លោះដែលខ្លួនមិនទាន់មាន វិធីដែលលឿនបំផុតគឺការយកគំរូតាមអ្នកដទៃ ដូចជា​បទសោធន៍ដើម្បីទទួលជោគជ័យ ឬជាបុគ្គលិកលក្ខណៈនិងប្ញកពារបស់អ្នកណាដែលយើងស្រលាញ់ចូលចិត្ត ។ល។

               ទោះបីជាការរៀនចំណុចល្អពីអ្នកដទៃ ដើម្បីយកមកបំពេញនូវចំណុចដែលយើងខ្វះខាត ជាវិធីរៀនតាមផ្លូវកាត់ក៏ពិតមែន តែទោះបីជាយ៉ាងណា បើមុជក្បាលរៀនតែម្យ៉ាងក៏ពុំមែនជាប្រការល្អដែរ។ យើងគួររក្សាទុកចំណុចពិសេសរបស់ខ្លួនឲ្យបានជាប់លាប់និងធ្វើឲ្យវាកាន់តែលេចធ្លោឡើងៗទើបល្អ។

    ក្នុងសម័យចានកួក(៤០៣ឆ្នាំ​­​-២២១ឆ្នាំ មុនគ..) ក្នុងស្រុកអ៊ានមានបុរសម្នាក់បានឮតាមគេថា អ្នកស្រុកកាន់តាន់ ដែលជាទីក្រុងក្នុងនគរចាវ ជាអ្នកស្រុកដែលមានកិរិយាមារយាទល្អពិសេស។ ដំណើរដើររបស់គេមិនបន្ទីបន្ទាន់ពេក ដើរយ៉ាងសមសួន សង្ហាគួរឲ្យចង់គយគន់។

          បុរសស្រុកអ៊ាន ក៏សម្រេចចិត្តធ្វើដំណើរទៅកាន់នគរចាវ ដើម្បីរៀនដើរតាមដំណើររបស់អ្នកស្រុកកាន់តាន់ ដោយមិនខ្វល់ស្តាប់មតិយោបល់ពីក្រុមគ្រួសារឡើយ។ គេបានរៀបចំវែអីវ៉ាន់ លុយកាក់ ហើយក៏ធ្វើដំណើររយយោជន៍ ក្នុងបំណងហាត់រៀនដើរតាមដំណើរអ្នកស្រុកកាន់តាន់ឲ្យខាងតែបាន។

          មកដល់ស្រុកកាន់តាន់ គេក៏ចេញមកឈរក្បែរផ្លួវធំ សង្គេតមើលមនុស្សម្នាដើរចុះឡើងទៅមក។ មើលយូរៗទៅ ច្របូកច្របល់ក្នុងចិត្តមិនដឹងថាតើនឹងត្រូវចាប់ផ្តើមរៀនដើរដូចម្តេច? ពេលមួយនោះ គេតាមសង្គេតមើលបុរសម្នាក់មានអាយុស្របាលនឹងខ្លួន ដើរតម្រង់មក។ ដំណើររបស់សង្ហាគួរឲ្យចង់គយគន់។ ពេលគេដើរផុតបានបន្តិច បុរសយើងក៏ប្រញាប់ប្រញាល់ដើរតាមពីក្រោយ ដោយធ្វើត្រាប់តាមមួយជំហានម្តងៗ។ ពេលគេឈានឆ្វេង យើងក៏ឈានជើងឆ្វេង បើគេឈានស្ដាំ យើងឈានស្តាំតាម លុះដល់ភ្លេចខ្លួនបន្តិច ក៏ខុសជើងច្រឡំបត់ជើងឆ្វេងទៅស្តាំ​ ឯស្ដាំទៅឆ្វេង រវល់តែតម្រូវជើងឆ្វេងស្តាំ ស្ដាំឆ្វេង ក៏ភ្លេចគិតពីដំណើរដែលត្រួវដើរកាច់រាងយ៉ាងម៉េចខ្លះ។ បានមិនយូរប៉ុន្មានអ្នកស្រុកនោះ ក៏ដើរកាន់ត្រឃ្លាតដាច់ឆ្ងាយទៅៗ។ បុរសយើង ដើរតាមគេលែងទាន់ ក៏ត្រឡប់មកកន្លែងដើម ដើម្បីរកមើលអ្នកផ្សេងដើរតាមសាជាថ្មី។

          ការរៀនដើរតាមគេម្ដងមួយជំហានៗ ធ្វើឲ្យមនុស្សដែលដើរទៅមកនឺកចម្លែក្នុងចិត្តខ្លះក៏លួចសើច ខ្លះនឺកស្មានថា ជាមនុស្សឡប់សតិខ្លះទៀតក៏នឺកឃើញដល់រឿងផ្សេងៗ។ កន្លងទៅជាច្រើនថ្ងៃ បុរសស្រុកអ៊ាន មានការហត់នឿ ចុករួយស្រពន់ពេញខ្លួនទៅហើយ តែមិនទាន់ហាត់ចេះនៅឡើយ។ គេនឺកក្នុងចិត្តថា មូលហេតុដែលធ្វើឲ្យគេហាត់រៀនក្រចេះដូច្នោះ ព្រោះគេនៅមិនទាន់ភ្លេចវិធីដើរបែបដើមរបស់ខ្លួន។ ហេតុនេះ គេក៏ខំបំភ្លេចវិធីដើរចាស់ចោលអស់ហើយចាប់ផ្តើមហាត់រៀនវិធីដើរបែបថ្មី សាដើមឡើងវិញ បើមិនធ្វើដូច្នោះទេ គេមុខជាមិនអាចរៀនដើរតាមអ្នកស្រុកកាន់តាន់បានឡើយ។

          អស់រយះពេលជាច្រើនខែទៅហើយ កាន់តែហាត់ គេកាន់យ៉ាប់។ មិនត្រឺមតែរៀនតាមគេមិនចេះ ថែមទាំងភ្លេចវិធីដើររបស់ខ្លួនឯងពីមុនអស់រលីង ឯលុយកាក់ ក៏ជិតអស់ទៅហើយដែរ បើនឹងសម្រេចចិត្តត្រឡប់ទៅផ្ទះក៏មិនដឹងថា ត្រូវឈានជើងដើរយ៉ាងដូចម្ដេច ព្រោះគេបានបំភ្លេចចោលអស់ទៅហើយ។ ហេតុនេះ បុរសយើង ចាំបាច់ត្រូវវារននៀលនឹងដីយ៉ាងសែនវេទនា ដើម្បីធ្វើដំណើរត្រឡប់ទៅផ្ទះវិញ។

  បច្ចុប្បន្ននេះ មានមនុស្សជាច្រើន ដែលជួបនឹងហេតុការណ៍ដូច្នេះដោយគិតថា បើនឹងធ្វើតាមគេ គឺត្រូវធ្វើឲ្យដូចទាំងស្រុង ឯលទ្ធផលគឺបែបថ្មីក៏ធ្វើមិនបាន បែបចាស់ក៏បំភ្លេចចោលអស់។ ហេតុនេះ ការរៀនតាមគេពិតមែនតែយើងត្រូវតស៊ូព្យាយាមអស់ពីកំលាំងចិត្តកំលាំងកាយ តែយើងក៏មិនត្រូវធ្វើតាមទាំងងងឹតងងល់​គ្រប់យ៉ាងនោះដែរ​ ព្រោះវិធីរៀនតាមគេដោយចម្លងទាំងផ្ទាំងដូច្នេះ វាអាចនឹងធ្វើឲ្យខូចខាត បាត់បង់នូវអ្វីដែលយើងមានស្រាប់។​ ស្រួលមិនស្រួល បែរជា “ ខាតដើម​ ” ទៅវិញក៏មានដែរ។

               បើនឹងសិក្សាក៏ត្រូវមានវិធីសិក្សា បើនឹងធ្វើត្រាប់ឬយកគំរូតាមគេ ក៏ត្រូវរកវិធីឲ្យបានសមរម្យត្រឹមត្រូវ ថ្លឹងថ្លែងឲ្យបានស៊ីជម្រៅ គួបផ្សំនឹងគំនិតផ្ទាល់ខ្លួន លើកកម្ពស់ចំណុចលេចធ្លោដែលជារបស់ខ្លួនឯង ឲ្យកាន់តែប្រសើរឡើង។ មិនមែនដោយការចម្លងទាំងស្រុងនោះឡើយ។

                   រៀនសូត្រស្វែងយល់ ត្រូវគិតដល់ការលើកកម្ពស់

                   ធ្វើត្រាប់ឬយកគំរូតាមគេ ក៏ត្រូវគិតដល់ការលើកកម្ពស់

                   ដើម្បីបង្កើននូវប្រសិទ្ធភាព។

                   បើមិនដូច្នោះទេ ការខិតខំរបស់អ្នកនឹងទៅជាឥតប្រយោជន៍

                   អ្នកក៏មិនអាចធ្វើជាម្ចាស់ខ្លួនឯងបាន

                   ហើយបានត្រឹមតែចាំទទួលបញ្ហាពីអ្នកដទៃតែប៉ុណ្ណោះ។

 

មនុស្សកើតមក មិនបានដូចគ្នាទាំងអស់នោះទេ

បើខ្លួនបានល្អគ្រាន់បើហើយ

សូមកុំជាន់ឈ្លីអ្នកដទៃ

ភី ស្វៀន -​​ P.Svien