ក្រួច និង អ្នកបង្វឹកស្ទាំង

 

      កាលពីសម័យបុរាណ   មានមនុស្សជាច្រើនចូលចិត្តបង្វឹកសត្វស្ទាំងឱ្យចេះចាប់សត្វស្លាបផ្សេងៗយកមកធ្វើអាហារ។ ក្រួច គឺជាសត្វមួយប្រភេទដែលត្រូវប៉ាន់ជាងគេបំផុតរបស់សត្វស្ទាំង។

   មានបុរសម្នាក់  ទើបតែចាប់ផ្តើមរៀនបង្វឹកសត្វស្ទាំងបានមួយរយៈ។ថ្ងៃមួយគេយកសំណាញ់មកដាក់ចាំទាក់សត្វផ្សេងៗ  ហើយក្រួចមួយក្បាលក៏ជាប់ក្នុងសំណាញ់របស់គេនោះទៅ។  បុរសនោះរីករាយជាខ្លាំង  ហើយនៅក្នុងខណៈពេលដែលគេកំពុងតែគិតថា តើគួរយកក្រួចនេះទៅធ្វើម្ហូបអីនោះ  ក្រួចក៏ស្រែកអង្វរឱ្យបុរសនោះទុកជីវិតដល់ខ្លួន...

   "ឱ! លោកអ្នកបង្វឹកស្ទាំងដ៏ខ្លាំងពូកែអើយ!  សូមលោកមេត្តាដោះលែងខ្ញុំទៅ  ខ្ញុំនឹងតបស្នងសងគុណលោកវិញយ៉ាងគាប់ចិត្តបំផុត!"

    បុរសបង្វឹកស្ទាំងក៏សួរទៅវិញ

      "តើឯងមានស្អីតបស្នងដល់យើងទៅ បើឯងគ្រាន់តែជាសត្វក្រួចតូចមួយប៉ុណ្ណោះនោះ?"

   ក្រួចក៏ឆ្លើយថា

      "បើលោកព្រមដោះលែងខ្ញុំ  ខ្ញុំនឹងទៅនិយាយបញ្ឆោតក្រួចដទៃមកឱ្យលោកឯងចាប់!... ខ្ញុំនឹងនាំមកទាំងហ្វូងតែម្តង  ឱ្យតែលោកសុខចិត្ត!"

   អ្នកបង្វឹកស្ទាំងសញ្ជឹងគិតមួយសន្ទុះ  ទើបពោលថា

    ៉តើឱ្យយើងព្រលែងឯងម្តេចនឹងកើតអាក្រួចសំគិស?  យើងគ្រាន់តែរកនឹកមិនទាន់ឃើញថា  តើនឹងត្រូវយកឯងទៅស្លអីតែប៉ុណ្ណោះ!...  អ្នកដែលហ៊ានក្បត់នឹងមិត្តភក្តិ  ដើម្បីយករួចខ្លួនតែម្នាក់ឯងបែបនេះ  គ្រាន់តែសម្លាប់ក៏ចាត់ទុកថាត្រាប្រណីដល់ឯងណាស់ទៅហើយ! ៉

 

អ្នកដែលក្បត់នឹងមិត្តភក្តិខ្លួន

ឬសុខចិត្តឱ្យនរណាស្លាប់ក៏ស្លាប់ទៅ  ឱ្យតែរស់ខ្លួនឯង

គឺជាមនុស្សដែលមិនគួរសេពគប់ឡើយ។