យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ស្វែងយល់អំពី ការ​បំពេញ​តម្រូវ​ការ​ទីផ្សារ

ចេញថ្ងៃទីៈ [20-07-2012] | បើកមើលៈ 5766 | Print |



 

នៅពេលដែលអ្នកដឹង និង​សម្រេច​ចិត្ត​ថា​ត្រូវ​ប្រកប​របរ​អ្វី​ ហើយ​អ្នក​ត្រូវ​សម្លឹង​រក​មើល​ទី​ផ្សារ​ឬ​អ្នក​ប្រើ​ប្រាស់​
ថាតើពួកគេត្រូវការ​អ្វី?

គ្មានអាជីវកម្មណាដែលសម្រេចជោគជ័យដោយពុំបានបំពេញសេចក្តីត្រូវការក្នុងទីផ្សារនោះឡើយ តែមនុស្ស
ជាច្រើនបែរជាភ្លេចរឿងនេះទៅវិញ។ អាជីវករថ្មីៗ តែងជ្រួលជ្រើមតែអំពីគំនិតរបស់ខ្លួន រហូតដល់មើលរំលង
ចំណុចសំខាន់ផ្សេងៗអស់ ហើយទីបញ្ចប់គេត្រូវទទួលបរាជ័យ ដោយសារតែលក់របស់ដែលមនុស្សមិនត្រូវ
ការនេះឯង។

បុរសម្នាក់មានជំនក់ចិត្តក្នុងការច្នៃប្រឌិតផលិតខ្លែងបង្ហោះជាខ្លាំង។ គេបានចុះទុនយ៉ាងច្រើនដើម្បីផលិតខ្លែង
ដោយស្រមើស្រមៃថា ខ្លួនមុខជាលក់បានច្រើនភ្លូកទឹកភ្លូកដីមិនខាន ប៉ុន្តែបែរជាគ្មាននរណាចង់បានទៅវិញ។

មនុស្សមួយចំនួនមានការជឿជាក់លើផលិតផល ឬសេវារបស់ខ្លួនជ្រុលហួសហេតុ ធ្វើឲ្យហ៊ានចុះទុនប្រកប
អាជីវកម្មដោយមើលរំលងពីគោលដៅដ៏ពិតប្រាកដ ប្រៀបដូចការប្រដាល់ដូច្នោះ ទោះបីជាអ្នកមានកម្លាំង
មាំមួនខំប្រឹងប្រែងឬមានភាពរហ័សរហួន ប៉ុន្តែបើអ្នកពុំមានបច្ចេកទេសអ្វីទេ នោះអ្នកក៏មិនអាចយកឈ្នះគូ
ប្រកួតបានដែរ។

ការបំពេញតម្រូវការទីផ្សារ  ក៏អាស្រ័យទៅលើពេលវេលាផងដែរ។  ផលិតផលដែលពេញនិយមក្នុងសម័យ
បច្ចុប្បន្ន អាចនឹងហួសសម័យនាពេលខាងមុខដោយសារតែបច្ចេកវិទ្យាថ្មីៗចូលមកជំនួស។ ហេតុនេះអ្នកគួរ
សម្លឹងមើលផងដែរថា តើផលិតផលឬសេវារបស់ខ្លួន អាចតបស្នងដល់តម្រូវការទាំងបច្ចុប្បន្ននិងអនាគតដែរ
ឬទេ?

ទីតាំងប្រកបអាជីវកម្មក៏ជារឿងសំខាន់ណាស់ដែរ។ អាជីវកម្មតែមួយអាចទទួលជោគជ័យខ្លាំងនៅកន្លែងមួយ
តែបែរជារលំនៅកន្លែងមួយទៀត។ ការបើកហាងលក់ស៊ុបឆ្នាំងដីអាចនឹងមានដំណើរការល្អ នៅក្នុងតំបន់កម្មករ
ឬមនុស្សសាមញ្ញរស់នៅ ប៉ុន្តែអាចនឹងមិនសូវល្អក្នុងតំបន់អ្នកមាន ព្រោះពួកសេដ្ឋីគេមិនសូវចូលហាងស៊ុបឆ្នាំងដី
នេះទេ។

សូមអ្នកសង្កេតឧទាហរណ៍ពីតម្រូវការដូចខាងក្រោម ៖
  ១. ក្នុងតំបន់ដែលមានគ្រួសារថ្មីថ្មោង និងក្មេងៗច្រើន
      ១. លក់ល្បែងក្មេងលេង
      ២. លក់ខោអាវក្មេង
      ៣. លក់ម្ហូបអាហារឆ្អិនស្រាប់
      ៤. បើកសាលាមត្តេយ្យ
  ២. ក្នុងតំបន់អ្នកមាន
     ១. លក់របស់បុរាណ
     ២. លក់វត្ថុអនុស្សាវរីយ៍តម្លៃខ្ពស់
     ៣. លក់សត្វចិញ្ចឹម
     ៤. បើកក្លឹបហាត់ប្រាណា
  ៣. ក្នុងតំបន់សម្បូរជនចាស់ជរា
     ១. បើកហាងលក់សៀវភៅ
     ២. បើកហាងលក់អាហារឬថ្នាំបម្រុងសុខភាព
  ៤. ក្នុងតំបន់អ្នកក្រីក្រ
     ១. លក់ទំនិញជជុះ
     ២. បើកកន្លែងជួសជុលម៉ូតូឬរថយន្ត
     ៣. បើកកន្លែងជួសជុលឧបករណ៍អគ្គិសនីឬវិទ្យុទូរទស្សន៍

អ្នកត្រូវប្រកបអាជីវកម្ម ឲ្យសមស្របទៅតាមតំបន់ដែលខ្លួនដាក់ទីតាំងដោយលើកជាសំណួរថា តើខ្ញុំនឹង​លក់​នៅ​
ទីកន្លែងណាដើម្បីឲ្យមានអតិថិជនគ្រប់គ្រាន់ល្មមអាចនឹងឈរជើងបាន? សំណួរនេះអាចផ្តល់ជា​មូលដ្ឋានគ្រឹះ​
ដំបូងៗ​ ដើម្បីឲ្យអ្នកអាចប្រមូលផ្តុំគំនិតក្នុងការប្រកបអាជីវកម្មរបស់ខ្លួនបាន។

បន្តទៅនេះ គឺជាសំណួរដែលអ្នកត្រូវសួរខ្លួនឯងដើម្បីពិចារណាមើលឲ្យដឹងថា តើអាជីវកម្មអ្វីមួយអាចបំពេញ
តម្រូវការបានដែរឬយ៉ាងណា...
 ១. តើគូប្រជែងធ្លាប់ដឹងពីតម្រូវការប្រភេទនេះរបស់អតិថិជនឬនៅ?
 ២. តើអ្នកដឹងហើយឬនៅថា អតិថិជនដែលត្រូវការទំនិញរបស់អ្នក គឺជាមនុស្សប្រភេទណា?
 ៣. តើអ្នកបានសម្លឹងឃើញទំហំដ៏សមរម្យរបស់ផលិតផលខ្លួនហើយដែរឬនៅ?
 ៤. តើអ្នកអាចបំពេញតម្រូវការទីផ្សារ  បានល្អជាងអ្វីដែលកំពុងតែមានសព្វថ្ងៃដែរឬទេ?  ការបំពេញតម្រូវការ
      បច្ចុប្បន្នស្ថិតក្នុងស្ថានភាពអន់ខ្សោយមែនដែរឬទេ?
 ៥. តើតម្រូវការនោះកើតមានហើយឬនៅ? ឬមួយវាគ្រាន់តែជាការយល់ឃើញផ្ទាល់ខ្លួនរបស់អ្នកប៉ុណ្ណោះ?
 ៦. តើអ្នកអាចទាញយកផលប្រយោជន៍ពីស្ថិតិផ្សេងៗដែរឬទេ ដូចជាស្ថិតិចំនួនប្រជាជន? ប្រាក់ចំណូលមធ្យម?
     ផ្លូវគមនាគមន៍?...

ប្រការសំខាន់មួយទៀតដែលអ្នកត្រូវប្រយ័ត្នគឺ ពេលអ្នកកំពុងតែគិតពិចារណានេះ តើមានអ្នកដទៃគេស្រវា
ឱកាសមុនហើយដែរឬទេ? បើយ៉ាងហោចណាស់ ការដឹងខ្លួនជាមុន មុននឹងលោតចូល វាល្អជាងការមិនដឹង។


អត្ថបទផ្សេងៗទៀតក្នុងសៀវភៅនេះ ៖
- តើអ្នកពិតជាចង់ប្រកមអាជីវកម្មផ្ទាល់ខ្លួនមែនឬ?
- ធ្វើអ្វី? នៅទីណា?
- រៀបផែនការវាយលុក
- ចាប់ផ្តើមប្រតិបត្តិការ
- សម្រេចគោលដៅ

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017