បណ្ណាល័យសិក្សា

ស្វែងយល់ពីបញ្ហាផ្លូវចិត្ត​ក្មេង​វ័យ​ជំទង់ តើគួរដោះ​ស្រាយ​ដូច​ម្តេច?​

ចេញថ្ងៃទីៈ [17-07-2012] | បើកមើលៈ 6833 | Print |  Email



ប្រការសំខាន់ដែលឪពុកម្តាយ អាណាព្យាបាល ឬក្រុមអ្នកអប់រំសង្គមត្រូវយកចិត្តទុកដាក់ ពុំ​មែន​តម្រង់​ទៅ​លើ​ការ
​ចង្អុល បង្ក្រាប ឬចាប់បង្ខំ ឲ្យក្មេងវ័យជំទង់ត្រូវតែដើរឲ្យត្រង់ផ្លូវតែមួយមុខនោះទេ តែត្រូវក្រឡេកមកមើលខ្លួនឯង
ជាមុនសិនថា តើយើងមានស្វែងយល់ពីពួកគេដល់កម្រិតណា? ដឹងថាពួកគេកំពុងធ្វើការអ្វីហើយឬនៅ? តើយើង
បានលះបង់ពេលវេលាសម្រាប់ពួកគេដល់កម្រិតណា? តើយើងបានបំផុតលើកទឹកចិត្តឲ្យពួកគេចេះត្រិះរិះដល់
កម្រិតណា? តើយើងមានចេតនាពិតប្រាកដចំពោះពួកគេដល់កម្រិតណា? និងថា តើចាស់ៗធ្វើគំរូឲ្យគេឃើញ
បានដល់កម្រិតណា?

• ការណែនាំទូទៅៈ យើងម្នាក់ៗគួរតែសិក្សាស្វែងរកការយល់ដឹងឲ្យបានច្រើន តាមរយៈសៀវភៅ និងវេបសាយ
ផ្សេងៗ ឬគួរប្រឹក្សាយោបល់ជាមួយអ្នកអប់រំណែនាំ ចិត្តវិទ្យា គ្រូពេទ្យ និងពេទ្យចិត្តសាស្ត្រជាដើម។

• ការណែនាំដំណាក់កាលដំបូងៈ ចំពោះអ្នកដែលចាប់ផ្តើមមានអារម្មណ៍ថា ខ្លួនអាចនឹងមានបញ្ហា ផ្លូវចិត្ត តើគួរ
ធ្វើដូចម្តេចខ្លះ?
     ១. ពេលមានអារម្មណ៍ថាខ្លួនឯងមានបញ្ហាដូចជា តានតឹង ភ័យពិបាកចិត្ត ឈឺក្បាលមិនបាត់ សូមកុំបណ្ដែត
បណ្ដោយទុកយូរពេក ហើយសុំកុំទាន់គិតថា វានឹងបាត់ទៅវិញដោយឯងៗ អ្នកគួរតែពិគ្រោះនឹងនរណាម្នាក់ដែល
អ្នកគិតថា គេពេញចិត្តនឹងស្តាប់ឬផ្ដល់ការគាំទ្រ ដល់យើង។
     ២. សុំជំនួយពីនរណាម្នាក់ដែលអ្នកទុកចិត្តដូចជា ឪពុកម្ដាយឬញាតិមិត្តផ្សេងៗ គ្រូ អ្នកណែនាំ ពេទ្យ។ល។
     ៣. គួរឆាប់រកជំនួយពីដំបូងៗ ថ្មីៗ កុំឲ្យវាកាន់តែធ្ងន់ធ្ងរឡើង។
     ៤. កុំបន្ទោសខ្លួនឯង ការមានជំងឺផ្លូវចិត្ត ពុំមែនជាកំហុសទេ។
     ៥. អ្នកមិនមែនឆ្កួតទេ ហើយក៏មិនខុសប្រក្រតីដែរ។ ការដែលអ្នកមានអារម្មណ៍អវិជ្ជមាន វាជារឿងដែលកើត
     ឡើងចំពៅមនុស្សគ្រប់គ្នា។ អ្នកមិនបានធ្វើខុសអ្វីទេ។
     ៦. បើអ្នកត្រូវទទួលខុសត្រូវលើការងារធំ សូមឲ្យបែងចែកការងារជាផ្នែកតូចៗ ហើយធ្វើការ ផ្នែកតូចៗទាំង
     នោះឲ្យសម្រចម្តងមួយៗ ទើបអ្នកមិនមានការតានតឹង និងមិនចាំបាច់ត្រូវខ្វល់ គិតច្រើនពេក ហើយចាប់
     ផ្ដើមសាងជំនឿចិត្តឲ្យខ្លួនឯងបន្តិចម្ដងៗ។
     ៧. ផ្ដល់កំលាំងចិត្តដល់ខ្លួនឯងចំពោះជោគជ័យបន្ដិចបន្តួចក្ដី ហើយព្យាយាមកែលម្អ ផ្លាស់ប្តូរទៅរកផ្លូវល្អ
     ជាលំដាប់។
     ៨. ធ្វើឲ្យក្ដីរំពឹងរបស់អ្នកមានស្ថេរភាព។ កុំរំពឹង ឬកុំព្យាយាមធ្វើអ្វីហួសសមត្ថភាពពេក តែ​ក៏មិន​គួររំពឹង​
     តិចតួចរហូតដល់ក្លាយជាមនុស្សខ្ជិលច្រអូសនោះដែរ។
     ៩. ផ្តោតគំនិតទៅលើអ្វីដែលដើរទៅមុខ និងអាចធ្វើបាន។
     ១០. ឈានទៅមុខម្តងមួយជំហានៗ កុំបង្ខំ។
     ១១. ព្យាយាមរក្សាដំណើរជីវិតប្រចាំថ្ងៃឲ្យបានខ្ជាប់ខ្ជួន ដូចជាពេលវេលាចូលគេង ពេលភ្ញាក់ពីដំណេក 
     ពេលបាយ ពេលហាត់ប្រាណ...។
     ១២. ព្យាយាមថែរក្សាបែបបទនៃដំណើរជីវិតប្រចាំថ្ងៃ ដែលជាការលើកស្ទួយឲ្យខ្លួនមាន សុខភាពល្អ។  
     កាលបើមានសុខភាពកាយល្អ វាក៏នឹងជួយឲ្យមានសុខភាពផ្លូវចិត្តល្អផងដែរ។
     ១៣. រៀនសូត្រអំពីតិចនិចនៃការបំបាត់ភាពតានតឹង ដូចជា ការដេកសម្រាកលម្ហែ ស្រមៃអំពី រឿងល្អៗ 
     អ្វីដែលស្រស់ល្អ ធ្វើសមាធិ ការច្រៀង ការសូត្រធម៌។ល។ រៀនស្វែងយល់ពីវិធីបន្ធូរ អារម្មណ៍ និង​ឲ្យ​រាង
     ​កាយបានធ្វើចលនាបញ្ចេញកម្លាំង។
     ១៤. ជៀសវាងការផឹកស្រានិងសេពគ្រឿងញៀនមកបន្លប់ទុក្ខ ព្រោះសារធាតុទាំងនេះវានឹងធ្វើ ឲ្យបញ្ហា
     កាន់តែធ្ងន់ធ្ងរជាងមុនទៅទៀត។
     ១៥. ស្វែងរកទិន្នន័យពីសៀវភៅនិងវេបសាយ សិក្សាបន្ថែមពីបញ្ហាជំងឺផ្លូវចិត្ត ដូចជាភាព តានតឹងនិង
     ខ្វល់ខ្វាយ ជំងឺធ្លាក់ទឹកចិត្ត។ រកមើលថា តើអ្នកអាចដោះស្រាយបញ្ហាដោយខ្លួនឯង អំពីរឿងនេះបានដូច
     ម្តេចខ្លះ?
     ១៦. សង្កេត និងស្វែងយល់ពីខ្លួនឯង ថាអ្វីទៅជាមូលហេតុធ្វើឲ្យយើងមានអារម្មណ៍មិនសូវល្អ។ តើអ្វីទៅ
     ដែលជាសញ្ញាឲ្យដឹងជាមុនថា ខ្លួនអាចកំពុងប្រឈមនឹងបញ្ហាខាងផ្លូវចិត្ត?
     ១៧. សុំកុំផ្តាច់ខ្លួននៅម្នាក់ឯង ចូរប្រើពេលវេលានៅជាមួយគ្រួសារឬនៅជាមួយមិត្តភក្តិ ហើយ​ទទួលយក​
     នូវភាពរីករាយនៃជីវិតទៅតាមអ្វីដែលខ្លួនអាចធ្វើបាន។


អត្ថបទល្អៗផ្សេងៗ នៅក្នុងសៀវភៅនេះ​ ៖
- លក្ខណៈ និងឥរិយាបថរបស់វ័យជំទង់
- ការវិវត្តរបស់វ័យជំទង់
- សុខភាពផ្លូវចិត្ត និងបញ្ហាផ្លូវចិត្តរបស់​មនុស្ស
- សុខភាពផ្លូវចិត្តរបស់វ័យជំទង់
- ទំនោរនៃការអប់រំកូនក្នុងសម័យបច្ចុប្បន្ន
- បទបញ្ញត្តិ៥ប្រការ
- វិធានការសម្រាប់អាណាព្យាបាល
- បញ្ហាការបំពានផ្លូវចិត្តទៅលើក្មេង
- វិបត្តិផ្លូវចិត្តរបស់វ័យជំទង់
- បញ្ហាចចេសរឹងរូសប្រឆាំងនឹងចាស់ៗ
- បញ្ហាបរាជ័យក្នុងសាលារៀន
- សម្ព័ន្ធភាពនិងឥទ្ធិពលរបស់មិត្តភក្តិ
- បញ្ហាគ្រឿងស្រវឹង គ្រឿងញៀន ហ្គេម
- បញ្ហាផ្លូវភេទរបស់វ័យជំទង់
- ការពង្រីកសក្ដានុពលរបស់យុវ័យ
- ភាគបន្ថែមសម្រាប់ឪពុកម្ដាយ

Book not found !!!!!!!!!!