យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ប្រមើលស្ថានការណ៍សឹក

ចេញថ្ងៃទីៈ [25-01-2014] | បើកមើលៈ 5411 | Print |



ដកស្រង់ពីជំពូកទី ១ នៃតម្រាពិជ័យសង្រ្គាម ស៊ុនជឺ

          ស៊ុនជឺ ពោលថា

»  ការធ្វើសឹកសង្រ្គាម គឺជាកិច្ចកាដ៏មានសារៈសំខាន់បំផុតរបស់ប្រទេសជាតិ គឺជារឿងស្លាប់រស់ ដែលធ្វើឲ្យ

    ប្រទេសជាតិនៅគង់វង់ឬរលំរលាយ ដែលត្រូវតែលើកយកមកពីគ្រោះពិចារណាឲ្យបានល្អិតល្អន់ជាទីបំផុត។

»  ហេតុនេះត្រូវវិនិច្ឆ័យទៅលើគោលការណ៍គ្រឹះ ៥ ប្រការប្រៀបធៀបសភាវៈផ្សេងៗដើម្បីឲ្យដឹងការពិត។

    គោលការណ៍គ្រឹះទាំង ៥ នោះមាន ៖

    ១.  ធម្ម

    ២.  មេឃ ដី អាកាស

    ៣.  ភូមិសាស្រ្ត

    ៤.  មេទ័ព

    ៥.  ច្បាប់វិន័យ។

»  ធម្ម គឺភាពយុត្តិធម៌ សមហេតុផល អ្វីដែលធ្វើឲ្យប្រជារាស្ត្ររួមចិត្តរួមគំនិតជាមួយថ្នាក់ដឹកនាំ ស្ម័គ្រចិត្តប្តូរ

    ស្លាប់រស់ជាមួយថ្នាក់ដឹកនាំដោយមិនរួញរាចំពោះឧបសគ្គគ្រោះអន្តរាយផងទាំងពួង។

»  មេឃ ដី អាកាស គឺពេលថ្ងៃឬយប់ ភាពក្តៅឬរងា និងការប្រែប្រួលផ្លាស់ប្តូរខាងអាកាសធាតុ។

»  ភូមិសាស្រ្ត គឺទីតាំងខ្ពស់ឬទាប ជិតឬឆ្ងាយ រដិបរដុបឬរាបស្មើ តូចចង្អៀតឬធំទូលាយ សម្បូរដោយគ្រោះថ្នាក់

    ឬមានសុវត្តិភាព។

»  មេទ័ព គឺបុគ្គលដឹកនាំប្រកបដោយបញ្ញាញាណ មានសច្ចយុត្តិធម៌ មានក្តីមេត្តា មានក្តីក្លាហាន និងមានភាព

ម៉ឹងម៉ាត់ដាច់ខាត។

»  ច្បាប់ វិន័យ គឺរបៀបចាត់ចែងកម្លាំងទ័ព ចាត់ចែងមុខតំណែង វិន័យទ័ព និងវិធីចាត់ចែងលើការចំណាយ

    ផ្សេងៗ។

»  ករណីយកិច្ចទាំង ៥ ប្រការនេះ

    មេទ័ព មេកង ត្រូវតែយល់ដឹងឲ្យបានគ្រប់ៗគ្នា

    អ្នកដឹងច្បាស់ទើបជាអ្នកឈ្នះ

    អ្នកដឹងមិនច្បាស់នឹងត្រូវចាញ់។

»  ដោយហេតុនេះត្រូវប្រៀបធៀបសភាវៈផ្សេងៗដើម្បីឲ្យរកឃើញការពិត ពោលគឺ

    តើប្រមុខរបស់ភាគីណាមួយជាអ្នកដឹកនាំប្រកបដោយគុណធម៌?

    តើមេទ័ពរបស់ភាគីណាមានសមត្ថភាព?

    តើមេឃដីអាកាសធាតុមានអំណោយផលដល់ភាគីណាខ្លាំងជាង?

    តើកងទ័ពរបស់ភាគីណាគោរពបទវិន័យបានល្អប្រសើរជាង?

    តើយុទ្ធជនរបស់ភាគីណាអង់អាចក្លាហានជាង?

    តើយុទ្ធជនរបស់ភាគីណាមានជំនាញផ្នែកសឹកបានល្អជាង?

    តើភាគីណាផ្តល់រង្វាន់និងដាក់ទោសប្រកបដោយភាពយុត្តិធម៌ជាង?

    កាលបើពិចារណាអំពីហេតុការណ៍ទាំងនេះបានច្បាស់លាស់ហើយ ខ្ញុំក៏នឹងអាចប្រមើលដឹងអំពីជ័យជម្នះឬ

    បរាជ័យរបស់ពួកគេបានហើយ។

»  បើមេទ័ពមេកងណាយល់ស្របតាមយុទ្ធោបាយរបស់ខ្ញុំនេះហើយយកទៅអនុវត្តនឹងបានជ័យជម្នះ ចូរចងចាំ

    ទុក អ្នកដែលមិនយល់ស្របតាមនេះ នឹងទទួលបរាជ័យជាប្រកដ ចូរដកគេពីមុខតំណែងចេញទៅ។

»  ពេលរៀបចំយុទ្ធសាស្រ្តយកប្រៀបលើគេបានហើយ

    ចំណែកអ្នកនៅក្រោមបង្គាប់បញ្ជាក៏យល់ស្របនិងស្តាប់តាមដែរហើយ

    ជំហានជាបន្ត គឺបង្កើតស្ថានការណ៍អំណោយផលឡើង

    ដើម្បីជាកម្លាំងគាំទ្រពីខាងក្រៅ

    ហេតុការណ៍ដែលនឹងត្រូវបំផុសឡើងនោះ

    យើងមិនគួរកំណត់យកវិធីដែលងាប់ក្រឡានោះឡើយ

    ត្រូវចេះបត់បែនផ្លាស់ប្តូរយ៉ាងណាក៏ដោយឲ្យតែមានប្រយោជន៍។

»  យុទ្ធសាស្រ្តសង្គ្រាម គឺជាវិធីដែលត្រូវប្រើឧបាយកល ហេតុនេះ

    ទោះជាអាចវាយឈ្នះ ឲ្យក្លែងធ្វើជាវាយមិនឈ្នះ

    បើមានបំណងវាយលុក ត្រូវសម្តែងថាខ្លួនមិនវាយលុក  

    នៅជិតត្រូវសម្តែងថានៅឆ្ងាយ នៅឆ្ងាយត្រូវសម្តែងថានៅជិត។

»  ត្រូវបោកបន្លំភ្នែកសត្រូវដោយឧបាយកលគ្រប់បែបយ៉ាង

    ពេលសត្រូវកំពុងចលាចល ត្រូវវាយសង្រ្គុប

    ពេលសត្រូវកំពុងខ្លាំង ត្រូវគេចចេញសិន

    ពេលខ្មាំងក្រេវក្រោធ ត្រូវពន្យុះឲ្យវិលក្បុង

    បើខ្មាំងមានអំណួត ត្រូវដាក់ខ្លួន ទុកឲ្យវាក្អេងក្អាង

    បើខ្មាំងមានសាមគ្គី ត្រូវបំបែកបំបាក់

    ពេលខ្មាំងត្រូវការសម្រាក ត្រូវរំខានឲ្យនឿយហត់

    ត្រូវវាយសន្ធាប់ ពេលខ្មាំងភ្លេចខ្លួន

    ត្រូវវាយប្រហា ពេលខ្មាំងនឹកស្មានមិនដល់។

»  អ្វីទាំងអស់នេះគឺជាល្បិចកលគន្លឹះនៃតម្រាពីជ័យសង្រ្គាម ចូរលាក់ការសម្ងាត់ កុំឲ្យសត្រូវកាក់ស្មានដឹងពី

    គោលបំណងពិតប្រាកដរបស់ខ្លួនជាដាច់ខាត។

»  ប្រសិនបើយកឈ្នះដោយមិនបាច់ប្រយុទ្ធ

    នោះមានន័យថាបានរៀបចំផែនការយ៉ាងល្អិតល្អន់ល្អណាស់

    ប្រមើលស្ថានការណ៍បានល្អិតល្អន់នឹងទទួលជ័យជម្នះ

    មិនប្រមើលស្ថានការណ៍ឲ្យល្អិតល្អន់តែងតែបរាជ័យ

    បើយ៉ាងដូច្នេះហើយ តើនៅខំប្រឹងធ្វើសង្រ្គាមដោយមិនប្រមើលស្ថានការណ៍ទៀតឬ?

    ដោយប្រការនេះហើយទើបខ្ញុំមើលដឹងពីជោគជ័យឬបរាជ័យនោះ។

 

បទវិភាគ

           នៅក្នុងជំពូកទី១ នេះ ស៊ុនជឺ បានអធិប្បាយពីសារៈសំខាន់នៃការសិក្សា និងការរៀបចំផែនការធ្វើសង្រ្គាម

ព្រមទាំងវិភាគ ប្រៀបធៀបអំពីលក្ខខណ្ឌនៃការធ្វើសឹកសង្រ្គាមរបស់គូភាគីសង្រ្គាម អំពីការឈ្នះឬចាញ់ អំពី

ឥរិយាបថរបស់មេទ័ពក្នុងការធ្វើសង្រ្គាម និងអំពីការអនុវត្តច្បាប់វិន័យជាដើម ដែលអាចចាត់ទុកថាជាមូលដ្ឋាន

គ្រឹះក្នុងការធ្វើសង្រ្គាម ដែលមានលក្ខណៈដោយឡែកជារបស់ខ្លួន។

         ក្នុងប្រយោគដំបូងដែលថា "ការធ្វើសង្រ្គាម គឺជាកិច្ចការដ៏មានសារៈសំខាន់បំផុតរបស់ប្រទេសជាតិ

គឺជារឿងស្លាប់រស់ ដែលធ្វើឲ្យប្រទេសជាតិនៅគង់វង្យ ឬត្រូវរលំរលាយ ដែលត្រូវតែលើកយកមក

ពិគ្រោះពិចារណាឲ្យបានល្អិតល្អន់ជាទីបំផុត" នេះគឺជាការឆ្លុះបញ្ចាំងឲ្យឃើញពីគំនិតដែលសម្លឹងមើលធ្លុះ

អំពីសារៈសំខាន់នៃសង្រ្គាមរបស់ក្រុមអ្នកមានឥទ្ធិពល ដែលកំពុងតែកើតថ្មីក្នុងសង្គម ឬក្រុមវណ្ណៈម្ចាស់ដីនៅក្នុង

សម័យនោះដែលត្រូវដើរតាមរបត់ប្រវត្តិសាស្រ្ត តម្រូវឲ្យប្រើកម្លាំងអាវុធ ផ្តួលរលំរបបគ្រប់គ្រងបែបជិះជាន់របស់

ក្រុមអ្នកកាន់អំណាចចាស់ មានចាប់ពីពួកម្ចាស់ទាសករឡើងទៅ។ គំនិតទាំងនេះជាកត្តាជំរុញឲ្យ ស៊ុនជឺ ផ្តួចផ្តើម

ត្រិះរិះស្រាវជ្រាវរកយុទ្ធសាស្រ្តសង្រ្គាម ដើម្បីបើកការប្រឆាំងតតាំងជាមួយនឹងក្រុមអ្នកកាន់អំណាចចាស់ដែល

យក "ក្តីមេត្តាធម៌" មកបាំងមុខ និងដើម្បីកម្ចាត់របបចាស់បែបប្រតិកិរិយា ប្រឆាំងនឹងសង្រ្គាមរបស់ក្រុមអ្នក

"ស្រេកឃ្លានសង្រ្គាម" ដែលតែងហៅខ្លួនឯងថាជា "អ្នកមានមនុស្សធម៌" ឲ្យទៅជារបត់ផ្លាស់ប្តូរដ៏សំខាន់មួយ។

         ស៊ុនជឺ បានធ្វើការកត់សម្គាល់ពីប្រការសំខាន់ មុននឹងបើកឆាកធ្វើសង្រ្គាមថា ត្រូវពិនិត្យពិចារណាឲ្យបាន

ល្អិតល្អន់អំពីលក្ខខណ្ឌផ្សេងៗរបស់ភាគីសង្គ្រាម និងកំណត់ផែនការឲ្យ ពិចារណាប្រៀបធៀប ដើម្បីឲ្យដឹងពី

ចំណុចខ្លាំងឬខ្សោយ អំពីភាពមានប្រៀបឬចាញ់ប្រៀបយ៉ាងជាក់លាក់ទៅលើផ្នែកគុណធម៌មេឃដីអាកាស

ស្ថានភាពភូមិសាស្រ្ត មេទ័ព និង ច្បាប់វិន័យ។ ការគ្រាន់តែប្រមើលអំពីលក្ខខណ្ឌទាំង៥ នេះបាន ស៊ុនជឺក៏អាច

ទាយទុកមុនបានហើយថា ភាគីណានឹងមានប្រៀប។ នេះគឺជាការបង្ហាញឲ្យឃើញថា ស៊ុនជឺ ប្រើវិធីប្រមើលស្ថាន

ការណ៍ទៅតាមសភាពពិតជាក់ស្តែង ឬជាលក្ខណៈវត្ថុនិយមបែបសាមញ្ញធម្មតា ដែលផ្ទុយពីការគិតគន់ គូរទៅ

តាមរបៀបទស្សន៍ទាយ​ជោគវាសនាបែបគ្មានមូលដ្ឋានច្បាស់លាស់ ដែលធ្លាប់តែកើតមានតាំងពីដើមមក។

         គុណធម៌ គឺជាអ្វីដែល ស៊ុនជឺ បានលើកមករៀបរាប់មុនគេក្នុងបណ្តាលក្ខខណ្ឌទាង៥ ។ នេះជាការឆ្លុះ

បញ្ចាំងឲ្យឃើញអំពីគំនិតដែលថា ពួកអ្នកក្តាប់អំណាចជំនាន់ថ្មីដែលនឹងអាចមានជ័យជម្នះក្នុងសង្រ្គាមបាននោះ

គឺត្រូវតែធ្វើកំណែទម្រង់នយោបាយសាជាថ្មី ត្រូវធ្វើឲ្យប្រជារាស្រ្តនិងថ្នាក់ដឹកនាំមានគំនិតចុះសម្រុងគ្នាទើបអាច

ធ្វើឲ្យបណ្តាប្រជារាស្ត្រនិងពលទាហាន "រួមស្លាប់រស់ជាមួយគ្នា មិនខ្លាចញញើតគ្រោះអន្តរាយ"

         ការលើកយកលក្ខខណ្ឌសំខាន់ ៥ ប្រការ និងជាពិសេសបំផុតគឺ គុណធម៌ គឺជាចំណុចលេចធ្លោនៃអត្ថបទ

និពន្ធរបស់ ស៊ុនជឺ ដែលពីសម័យមុនៗនោះ មិនធ្លាប់មាននរណាលើកយកមកនិយាយឡើយ។ នេះគឺជាគុណូប

ការៈដ៏ធំធេងរបស់ ស៊ុនជឺ ចំពោះប្រទេសចិន ដែលឆ្លុះបញ្ចាំងឲ្យឃើញពីភាពចម្រើនជឿនលឿនខាងគំនិតប្រាជ្ញា

ផ្នែកសឹកសង្រ្គាមរបស់គេនៅក្នុងសម័យនោះ។

         អំពី តួនាទីរបស់មេទ័ព ក៏ជាខ្លឹមសារសំខាន់មួយក្នុងជំពូកនេះដែរ ស៊ុនជឺលើកយកមកអធិប្បាយ។ គាត់

បានលើកឡើងថា កាលបើប្រមើលដឹងពីលក្ខខណ្ឌទាំង៥ នោះហើយមេទ័ពក៏ត្រូវ "បង្កើតស្ថានការណ៍ដែលមាន

ប្រៀប" ដើម្បីបង្កើនតេជានុភាពនៃសង្រ្គាមឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ឡើង។

         ស៊ុនជឺ បានណែនាំថា ធ្វើសឹកសង្រ្គាម គឺត្រូវតែប្រើឧបាយកល ដែលតម្រូវឲ្យបណ្តាមេទ័ពទាំងឡាយ

ត្រូវស្ទាត់ជំនាញក្នុងការប្រើវិធានការផ្សេងៗ ដើម្បីបិទបាំងការពិតរបស់ខ្លួន និងបោកបញ្ឆោតសត្រូឲ្យភាន់ច្រឡំ

ដើម្បី "វាយប្រហារនៅពេលសត្រូវភ្លេចខ្លួន វាយលុកនៅពេលសត្រូវនឹកស្មានមិនដល់" ។

         ជាការពិតហើយដែលថា លក្ខខណ្ឌប្រវត្តិសាស្ត្រក្នុងសម័យនោះ ការវិភាគទៅលើសង្រ្គាមរបស់ ស៊ុនជឺ

នៅមានកម្រិត នៅមិនទាន់អាចបែងចែកពីលក្ខណៈនៃសង្រ្គាមដោយបុព្វហេតុយុត្តិធម៌ឬមិនយុត្តិធម៌ឲ្យបានជាក់

លាក់ប៉ុន្មានទេ។ នោះរាប់ថាជាចំណុចខ្សោយរបស់ ស៊ុនជឺ ប៉ុន្តែអ្វីទាំងនេះ ក៏មិនបានធ្វើឲ្យភាពវិសេសវិសាល

របស់ ស៊ុនជឺ ត្រូវអន់ថយដោយប្រការណាឡើយ។

 

ផ្នែកប្រតិបត្តិ

»  ប្រៀបធៀបដើម្បីប្រមើលពីស្ថានការណ៍សឹកឲ្យបានជាក់លាក់

    -   ចូវអ៊ី ប្រមើលពីស្ថានភាពទ័ពមួយរយម៉ឺនរបស់ ឆាវឆាវ

          ក្នុងសម័យសាមកុក (គ.ស.២២០-២៨០) ឆាវឆាវ លើកទ័ពមួយរយម៉ឺនមានទាំងទ័ពជើងទឹក ជើងគោក

មកបោះទីតាំងនៅក្បែច្រាំងភាគខាងជើងនៃទន្លេ យ៉ា់ងស៊ីគាង ដើម្បីវាយកម្ទេចយកនគរក្វាងតុង របស់

ស៊ុនឈាន។ កាលគ្រានោះបន្ទាយទាហានរបស់ ឆាវឆាវ​ បានបោះទីតាំងតម្រៀបជួរ ក្នុងបណ្តោយប្រមាណ

៣០០០លី។ ស៊ុនឈាន ភិតភ័យជាខ្លាំង បានបញ្ជាឲ្យសេនាទៅតាមហៅ ចូវអ៊ី ឲ្យមកជួបដើម្បីធ្វើការពិគ្រោះ

ពិភាក្សារកវិធីទប់ទល់។

          ចូវអ៊ី ពោលទៅកាន់ ស៊ុនឈាន ថា "អាឧបរាជ ឆាវឆាវ នេះ វាក៏ជាសត្រូវរបស់ព្រះចៅស៊ានទី ផងដែរ..

. ព្រះអង្គទ្រង់មានព្រះតម្រិះបញ្ញាប្រកបដោយសត្យសុចរិត តើឲ្យព្រះអង្គត្រូវទៅចំណុះទោរទន់ជាមួយអាឆាវឆាវ

ដែលជាមនុស្សគ្មានសត្យសុចរិតបែបនេះកើតដែរឬទេ? ម្យ៉ាង នគរក្វាងតុង យើងសម្បូរស្តុកស្តុមទៅដោយចំណី

អាហារត្រីសាច់មិនចេះខ្វះ កងទ័ពរាស្រ្តប្រជាមានគ្រប់គ្រាន់ បម្រុងតែនឹងទៅកម្ចាត់ពួកវាដែលជាសត្រូវផែនដី

ទៀតផង!... ម្យ៉ាង ឆាវឆាវ វាលើកទ័ពចេញច្បាំងលើកនេះក៏យូរមកហើយដែរ... ម៉ាថេង និង ហាន់ស៊ុយ គឺជាគូ

សត្រូវដែលវាត្រូវប្រុងប្រយ័ត្នពីខាងក្រោយ! ប្រការមួយទាហានឆាវឆាវ សុទ្ធតែជាជនជាតិស្រុកភ្នំ គ្មានជំនាញ

ផ្នែកទូកនេះទេ... ទោះជាយកមកច្បាំងក៏មិនស្ទាត់ជំនាញប៉ុន្មានដែរ... រដូវនេះក៏ជារដូវក្តៅហួតហែង ស្មៅនិង

ចំបើងនិងមិនមានគ្រប់គ្រាន់សម្រាប់ឲ្យសេះស៊ីទេ។ ទាហានទាំងនោះធ្លាប់តែរស់នៅតាមព្រៃភ្នំ កាលបើស៊ីចុក

ខុសទម្លាប់ដើម វាក៏នឹងត្រូវឈឺថ្កាត់ច្រើន ធ្វើឲ្យកម្លាំងវាកាន់តែចុះខ្សោយគ្រប់ពេលវេលា បើនឹងប្រយុទ្ធក៏មុខជា

ចាញ់ប្រៀបយើងជាមិនខាន!...

          ការធ្វើសង្រ្គាម លើកនេះខ្ញុំគ្មានព្រួយបារម្ភអ្វីបន្តិចឡើយ សុំលោកម្ចាស់អនុញ្ញាតឲ្យខ្ញុំលើកទ័ពទៅកាន់

ឆ្នេរក្រុង ឆាងសា ចុះ ខ្ញុំនឹងកម្ចាត់ពួកវាឲ្យបាន!"

          ទោះបីជាយ៉ាងនេះក៏ដោយ ស៊ុនឈាននៅតែព្រួយបារម្ភមិនហ៊ានចេញទៅប្រយុទ្ធជាមួយ ឆាវឆាវ ដោយ

សារតែទទួលដំណឹងថា ឆាវឆាវ មានពលទាហានដល់ទៅមួយរយម៉ឺនឯណោះ ទើបពីគ្រោះនឹង ចូវអ៊ី ជាបន្តថា

"យើងនៅតែបារម្ភរឿងមួយ!... ឆាវឆាវ វាមានពលទាហានច្រើនខុសពីយើងឆ្ងាយណាស់ យើងខ្លាចក្រែងទប់

ទល់ជាមួយវាមិនបាន ក៏នឹងបែរជាថ្លោះការទៅវិញហ្នឹងណ៎ា!"

          ចូវអ៊ី ក៏អធិប្បាយពន្យល់ទៅ ស៊ុនឈាន ថា "រឿងដែល ឆាវឆាវ សរសេរជាលាយលក្ខណ៍អក្សរថាមាន

ពលទាហានដល់ទៅមួយរយម៉ឺននោះគឺជារឿងមិនពិតអ្វីទេ!... គ្រាន់តែជាឧបាយកលបោកបញ្ឆោតរបស់វា

ប៉ុណ្ណោះ! តាមពិតទាហានរបស់វាមានមិនលើលពី ១៥-១៦ ម៉ឺន នោះទេ!... រាប់ថែមទាំងពលទាហានរបស់

យានសៅ ជាឈ្លើយផង... ទោះបីជាយកឈ្លើយមកប្រើមែន តែវាក៏នៅមិនទាន់ទុកចិត្តពួកហ្នឹងប៉ុន្មានដែរ...

ព្រោះវានៅមិនទាន់បាត់ខឹង រកតែផ្លូវរត់គេចឲ្យផុតពី អាឆាវឆាវ គ្រប់ពេលវេលា ហើយសូម្បីតែធ្វើអ្វីក៏វាធ្វើត្រឹម

តែចុងដៃចុងជើងប៉ុណ្ណោះ... ម្យ៉ាងទៀតទាហាន ឆាវឆាវ មកពីចម្ងាយ ទាំងហត់នឿយ ស៊ីមិនឆ្អែត ចុះចំណែក

យើងដែលមានអ្វីៗសព្វគ្រប់សព្វយ៉ាង រឿងអីដែលមិនអាចទប់ទល់នឹងវាបាននោះ? អស់យ៉ាងយើងគ្រាន់តែ

ពិបាកបន្តិចបន្តួចប៉ុណ្ណោះ សូមលោកម្ចាស់កុំបារម្ភអ្វី!... ខ្ញុំសុំកងកម្លាំងត្រឹមតែ ៥ម៉ឺន ក៏អាចកម្ចាត់ពួកអាឆាវឆាវ

បានណាស់ទៅហើយ!..."

          ការ "ប្រមើលស្ថានការណ៍សឹក" របស់ ចូវអ៊ី ធ្វើឲ្យ ស៊ុនឈាន មានទំនុកចិត្តកាន់តែខ្លាំងជាងមុន រហូត

ដល់លើកដៃទៅអង្អែលស្មា ចូវអ៊ី តិចៗហើយពោលថា... "លោកអធិប្បាយបានច្បាស់លាស់ល្អណាស់! ចាត់ទុក

ជាគុណបំណាច់ដ៏ធំ! ចាងចាវ មើលទៅដូចជាទុកចិត្តមិនបានទេ ប៉ុន្តែពេលនេះយើងលែងបារម្ភហើយព្រោះមាន

រូបលោកជួយជ្រោមជ្រែង... លោក និង ឆឹងភូ លូស៊ូ ចូរប្រញាប់រៀបទ័ពចេញទៅចុះ! យើងនឹងបញ្ជូនកងកម្លាំង

គាំទ្រពីខាងក្រោយ បើមានខ្វះខាតអ្វី ចូរឆាប់ចាត់ឲ្យមនុស្សមកប្រាប់យើង យើងនឹងចេញទៅតទល់ជាមួយអា

ឆាវឆាវដោយខ្លួនឯង!..."

          ការ "ប្រៀបធៀបដើម្បីប្រមើលឲ្យដឹងពីសភាពពិតនៃស្ថានការណ៍" របស់ ចូវអ៊ី បានធ្វើឲ្យ ស៊ុនឈាន

ពុំមានអ្វីត្រូវសង្ស័យតទៅទៀត ហើយបានផ្លាស់ប្តូរស្ថានការណ៍រឿងសាមកុកឲ្យបត់បែនយ៉ាងដាច់ស្រឡះនៅ

ពេលក្រោយមក។

 

»  តើចៅហ្វាយមានគុណធម៌ដែរឬទេ?

    -   ឆាវឆាវ និង យានសៅ

            ឆាវឆាវ បោះមូលដ្នានទ័ពនៅក្រុង ស៊ុយទូ។ យានសៅ នៅឯ ជីចូវ មានបំណងចង់បង្រ្កាប ឆាវឆាវ ក៏

សរសេរលិខិតផ្ងើទៅឲ្យ ឆាវឆាវ ប្រាប់ថា ខ្លួនត្រៀមលើកទ័ពទៅធ្វើសង្រ្គាមនឹង កុងស៊ុនចាន នៅឯក្រុង ប៉ីជិង

សុំឲ្យឆាវឆាវ បញ្ជូនទ័ពនិងស្បៀងអាហារមកជួយ បើមិនដូច្នោះទេ គេនឹងលើកទ័ពមកវាយក្រុង ស៊ុយទូ ជំនួស

វិញ។

          ឆាវឆាវ ផ្ទុះកំហឹងជាខ្លាំងអំពីភាពព្រហើនរបស់ យានសៅ ក៏គិតលើកទ័ពទៅវាយ ជីចូវ ដើម្បីចាប់

យានសៅ សម្លាប់បំបាត់កំហឹង តែនឹកបារម្ភអំពីទាហានរបស់ខ្លួនដែលមានចំនួនតិច ព្រមទាំងមិនទាន់បាត់ហត់

នឿយនៅឡើយ ទើបហៅ កួកជៀក ទីព្រឹក្សាជំនិតមកពិភាក្សា។

          កួកជៀក ក៏រៀបរាប់ឲ្យស្តាប់ថា "ថ្វីបើ យានសៅមានកងទ័ពច្រើនមែន! តែខួរក្បាលវាក៏មិនពូកែប៉ុន្មាន

ដែរ... លោកម្ចាស់មិនបាច់បារម្ភថាទ័ពយើងមានតិចឬច្រើនធ្វើអ្វី... បើនឹងលើកទ័ពទៅច្បាំងជាមួយវាខ្ញុំយល់

ឃើញថាលោកម្ចាស់មានប្រៀបលើ យានសៅ ១០ប្រការ យានសៅ ចាញ់លោកម្ចាស់ ១០ប្រការ..."

          ឆាវឆាវ ក៏សួរថា "តើ ១០ ប្រការដែលលោកថានោះ គឺអ្វីខ្លះទៅ? សូមលោករៀបរាប់ប្រាប់យើងឲ្យបាន

ច្បាស់លាស់បន្តិចមកមើល៍?"

          កួកជៀក ក៏អធិប្បាយថា ១០ប្រការដែលលោកម្ចាស់ឈ្នះ យានសៅ នោះគឺ

          "បើនឹងធ្វើអ្វីមួយលោកម្ចាស់មិនចេះប្រកាន់ខ្លួន ទោះជាអ្នកតូចតាចមកជំទាស់ថាខុសឬត្រូវ លោកម្ចាស់

ក៏នឹងយល់ស្របតាម... ប្រការមួយ ទឹកចិត្តរបស់លោកម្ចាស់តែងមានក្តីសន្តោសអធ្យាស្រ័យដល់អ្នកផងទាំងពួង

បើនឹងធ្វើកិច្ចការអ្វីលោកម្ចាស់ក៏តែងយកព្រះឱង្ការរបស់ព្រះចៅ ស៊ានទី មកធ្វើការពិចារណា ធ្វើឲ្យពួកទាំងអស់

គ្នាព្រមស្តាប់បញ្ជាដោយរីករាយ... ប្រការមួយ លោកម្ចាស់មានភាពដាច់ខាត ពោលពាក្យអ្វីក៏មានគេស្តាប់បង្គាប់

អ្នកទាំងអស់កោតញញើត... ប្រការមួយ លោកម្ចាស់គោរពសច្ចភាព ដឹកនាំកងទ័ពដោយក្តីយុត្តិធម៌ ទោះជាបង

ប្អូនញាតិមិត្តធ្វើអ្វីខុសក៏លោកមិនកាន់ជើង... ប្រការមួយ បើលោកគិតថានឹងធ្វើកិច្ចការអ្វីដែលយល់ថាត្រឹមត្រូវ

លោកនឹងពុះពារធ្វើឲ្យទាល់តែបានសម្រេច... ប្រការមួយ បើលោកនឹងស្រឡាញ់នរណាម្នាក់ លោកនឹង

ស្រឡាញ់អ្នកនោះដោយស្មោះស្ម័គ្រ មិនបោកប្រាស់... ប្រការមួយ លោកយកចិត្តទុកដាក់លើមនុស្ស មិនថាជា

នៅជិតឬនៅឆ្ងាយលោកយកចិត្តទុកដាក់ស្មើៗគ្នា... ប្រការមួយ មុននឹងធ្វើអ្វីលោកម្ចាស់គិតយ៉ាងច្បាស់លាស់

រួចទើបធ្វើជាក្រោយ... ប្រការមួយបើនឹងធ្វើកិច្ចការអ្វី លោកមិនដែលចោលទំនៀមទម្លាប់ពីបុរាណទេ...

ប្រការមួយលោកម្ចាស់ប៉ិនប្រសប់ផ្នែកសឹកសង្រ្គាម ទោះបីជាសត្រូវមានពលច្រើនជាង ក៏លោកម្ចាស់នៅតែអាច

យកឈ្នះបាន គឺគ្រប់ ១០ប្រការ ហើយ!..."  

          "ចំណែកយានសៅ ដែលចាញ់លោកម្ចាស់ ១០ប្រការនោះគឺ យានសៅ គឺជាមនុស្សប្រកាន់បុណ្យស័ក្តិ

មិនទទួលស្គាល់គំនិតអ្នកដទៃណាទេ... ប្រការមួយ យានសៅ ជាមនុស្សសម្តីអាក្រក់ ចូលចិត្តបង្គាប់បញ្ជាតែ

បបូរមាត់... ប្រការមួយពេលគិតការអ្វីៗ យានសៅ គ្មានចិត្តដាច់ខាត... ប្រការមួយ យានសៅ ជាមនុស្សនិយម

បក្សពួកសាច់ញាតិខ្លួនឯង ទោះបីជាខុសឆ្គងយ៉ាងណាក៏គេមិនដែលយកទោសកំហុសអ្វី... ប្រការមួយ យានសៅ

គ្រប់គ្រងមនុស្សខុសពីធម្មតា នៅពីមុខថាល្អ នៅពីក្រោយថាអាក្រក់... ប្រការមួយ យានសៅ ស្រឡាញ់តែអ្នក

អែបអប ឯអ្នកនៅឆ្ងាយទោះជាស្មោះត្រង់ក៏គេមិនស្រឡាញ់... ប្រការមួយ យានសៅតែងប្រព្រឹត្តកំហុសផ្សេងៗ

ទៅតាមពាក្យញុះញង់... ប្រការមួយ យានសៅ ធ្វើអ្វីតាមអំពើចិត្ត មិនបានប្រព្រឹត្តតាមទំនៀមទម្លាប់ពីបុរាណ...

ប្រការមួយ យានសៅមិនប៉ិនប្រសប់ខាងយុទ្ធសាស្រ្តសង្រ្គាម ច្រើនតែធ្វើសង្រ្គាមបែបប្រឡាំប្រកូវ... ឈ្នះក៏មិន

ដឹង ចាញ់ក៏មិនដឹង... ទាំងអស់គ្រប់ ១០ប្រការហើយ... គឺទាំងអស់នេះហើយបានជាខ្ញុំហ៊ានថាលោកម្ចាស់ឈ្នះ

១០ប្រការ ឯ យានសៅ ចាញ់ ១០ប្រការ!"

          ឆាវឆាវ ស្តាប់ហើយសើចតិចៗ ពោលថា "លោកបកស្រាយបានច្បាស់ល្អដែរហើយ! តែយើងខ្លាចក្រែង

ដល់ពេលធ្វើវាមិនដូចអ្វីដែលលោកថានោះណា៎!" ស៊ុនយូ ក៏លូកមាត់ចូលមកកាត់ "ការដែល កួកជៀក និយាយ

ថា លោកម្ចាស់ឈ្នះយានសៅ ១០ប្រការ ហើយ យានសៅ ចាញ់លោកម្ចាស់ ១០ប្រការ ខ្ញុំក៏យល់ឃើញដូចគ្នា

ដែរ ព្រោះ យានសៅ វាមិនសូវឆ្លាតអ្វីទេ ទោះបីជាវាមានទ័ពច្រើនជាងលោកម្ចាស់ក៏គំនិតប្រាជ្ញារបស់វាមិនអាច

ប្រៀបស្មើលោកម្ចាស់បានដែរ!..."

 

»  តើមេទ័ពមានសមត្ថភាពដែរឬទេ?

    -   នគរចាវ រលាយដោយសាតែខ្វះ លានប៉

          ក្នុងរយៈកាលចុងក្រោយនៃយុគសម័យចានកួក (៤៧៥-២២១ មុនគ.ស) ព្រះអង្គម្ចាស់ ឈិនស៊ី នៃនគរ

ឈិនគឺជាក្សត្រដ៏ខ្លាំងក្លាបំផុតនាសម័យនោះ។ នៅពេលដែលក្តោបយកនគរហាន់ នគរវើយ នគរឈូ នគរអៀន

និងនគរឈូ បានមកនៅក្នុងខណ្ឌសីមារបស់ខ្លួនហើយ ព្រះអង្គក៏បញ្ជូនកម្លាំងទៅវាយលុកយកនគរចាវជានគរ

ចុងក្រោយដែលនៅតែមិនទាន់ព្រមចុះចាញ់នៅឡើយ ដោយទ្រង់ប្រគល់ឲ្យ វ៉ាងហឺ ជាមេទ័ពក្នុងសង្រ្គាមនោះ។

          ចំណែកព្រះអង្គម្ចាស់ស៊ាវឈិន នៃនគរចាវ ទ្រង់បានចាត់តាំងឲ្យ លានប៉ ជាមេទ័ពជើងចាស់ដ៏ពូកែ

ដឹកនាំកងទ័ពចេញទៅទប់ទល់នៅនឹងច្រក ឆាងភិង។ លានប៉ នាំទ័ពចេញប្រយុទ្ធនឹងទ័ពនគរឈិនអស់ជាច្រើន

លើក តែដោយសារទ័ពនគរឈិន មានកម្លាំងខ្លាំងជាង ធ្វើឲ្យ លានប៉ ត្រូវចាញ់ ព្រមទាំងត្រូវបាត់បង់អស់មេទ័ព

ជាច្រើន ទើបលានប៉បានរៀបចំផ្លាស់ប្តូរយុទ្ធសាស្រ្តថ្មី ដោយត្រៀមទ័ពចាំទប់ទល់នៅតែក្នុងកំពែងក្រុងប៉ុណ្ណោះ

ហើយដាក់បទបញ្ជាយ៉ាងដាច់ខាតថា «បើអ្នកណាហ៊ានចេញប្រយុទ្ធ ទោះបីជាឈ្នះក៏ដោយ ក៏ត្រូវកាត់ក្បាល

ចោលដែរ»។

          វ៉ាងហឺ មេទ័ពនគរឈិន បានបញ្ជាឲ្យទ័ពវាយលុកក្រុងឆាងភិងជាច្រើនលើកច្រើនសា តែមិនបានសម្រេច

ក៏ចេញទៅស្រែកបបួលដៀលត្មះពន្យុះចុះពន្យុះឡើង តែលានប៉នៅតែធ្វើមិនដឹងមិនឮ។ ក្រោយមកគេក៏ឲ្យ

កងទ័ពទៅបិទផ្លូវទឹកមិនឲ្យហូរចូលក្រុងដើម្បីកុំឲ្យមានទឹកប្រើប្រាស់ តែក៏នៅតែឥតប្រយោជន៍ ព្រោះលានប៉

បានបញ្ជាឲ្យគេជីកអណ្តូងត្រៀមបម្រុងទឹកទុកបានយ៉ាងគ្រប់គ្រាន់រួចជាស្រេចទៅហើយ។ អស់តម្រិះ វ៉ាងហឺ

ក៏ធ្វើសារផ្ញើទៅរាជធានី។

          ព្រះចៅឈិនស៊ី ក៏បានកោះហៅហ្វាន់ស៊ុយអគ្គមហាសេនាបតីឲ្យមកជួប។ ហ្វាន់ស៊ុយ ក៏និយាយថា

"លានប៉នេះមិនធម្មតាទេ!... វាធ្លាប់ហែលឆ្លងក្នុងសង្រ្គាមរាប់មិនអស់មកហើយ... ដឹងថាទ័ពយើងខ្លាំងជាង វាក៏

មិនព្រមប្រយុទ្ធ ហើយវាដឹងច្បាស់ថា ទ័ពយើងមកពីឆ្ងាយ កាលបើទ្រាំនៅយូរមុខជាខ្វះស្បៀង... ហេតុនេះទើប

វាសំងំនៅតែក្នុងកំពែងក្រុង រង់ចាំឲ្យយើងខ្វះស្បៀង កងទ័ពទន់កម្លាំង វាក៏នឹងឆកឱកាសវាយសម្រុកយើងតែ

ម្តង... ល្បិចកលរបស់វាជ្រៅណាស់ បើយើងមិនរកវិធីកម្ចាត់វាចោលទេ នគរឈិនយើងនឹងមិនអាចវាយឈ្នះ

នគរចាវនេះបានឡើយ!..."

          ហ្វាន់ស៊ុយ ក៏ប្រើឧបាយកល់ ដោយបញ្ជូនមនុស្សឲ្យទៅបង្កើតពាក្យចចាមអារ៉ាមនៅស្រុកហាន់តាន់

នៃនគរចាវដោយពន្លុយពាក្យថា "លានប៉ ចាស់ហើយច្បាំងពេលណាក៏មិនដែលឈ្នះ កំពុងតែភ័យខ្លួនខ្លាចអស់

បុណ្យស័ក្តិ... មុខជាមិនយូរប៉ុន្មានគេនឹងបើកទ្វារក្រុងរត់ទៅចុះចូលនឹងនគរឈិនមិនខានឡើយ! មនុស្សដែល

នគរឈិនខ្លាច គឺមេទ័ព ចូវខ ឯណោះទេ... លុះត្រាតែចូវខ មកធ្វើជាមេទ័ពទើបនគរចាវអាចរួចគ្រោះភ័យពី

នគរឈិនបាន..."

          ព្រះចៅស៊ាវឈិន ទ្រង់វិតក្កក្នុងព្រះទ័យខ្លាំង ដែល លានប៉ ត្រូវខាតបង់អស់មេទ័ពសំខាន់ៗជាច្រើន

បញ្ជាឲ្យចេញច្បាំងក៏មិនធ្វើតាម ធ្វើឲ្យព្រះអង្គទ្រង់មិនសព្វព្រះទ័យពីមុនខ្លះៗមកហើយ លុះទ្រង់បានជ្រាបពី

ដំណឹងចចាមអារ៉ាមរបស់នគរឈិនដូច្នេះ ព្រះអង្គក៏ជឿតាមហើយបញ្ជាឲ្យដកលានប៉ ចេញពីតំណែងដោយដាក់

ចូវខ ឲ្យទៅដឹកនាំទ័ពជំនួសវិញ។

          ហ្វាន់ស៊ុយបានបញ្ជូនមេទ័ពប៉ៃឈីឲ្យទៅកាន់សមរភូមិជាយក្រុងឆាងភិង។ ប៉ៃឈី ជាមេទ័ពដ៏ពូកែ មាន

ឈ្មោះល្បីល្បាញទូទាំងផែនដី គ្រាន់តែឮឈ្មោះនេះបណ្តាមេទ័ពនៃនគរផ្សេងៗក៏លោះព្រលឹងបាត់ទៅហើយ។

ប៉ៃឈី គិតឃើញល្បិចមួយនៅក្នុងចិត្តស្រាប់មកហើយ។ គេដឹងជាក់ថា ថ្វីត្បិតតែ ចូវខ ពូកែខាងក្បួនតម្រាពិជ័យ

សង្រ្គាមក៏ពិតមែន តែគេចេះបានតែក្នុងគម្ពីរប៉ុណ្ណោះ ប្រើការអីមិនកើតទេ ហើយថែមទាំងអួតអាងឈ្លក់ស្រវឹង

នឹងអំណាចទៀតផង បើជន្លឲ្យឈ្នះបន្តិចបន្តួច ឲ្យច្រើនដងបន្តិច គេមុខជារីកមុខមាត់ទាល់តែភ្លេចខ្លួនមិនខាន។

          មែន!!!... ចូវខ ចាញ់កល ប៉ៃឈី។ ពេលបានឈ្នះសង្រ្គាមតូចតាចជាបន្តបន្ទាប់មក គេក៏ភ្លេចខ្លួន បំភ្លេច

យុទ្ធសាស្រ្តការពារក្រុងតាមវិធីរបស់លានប៉ គិតតែពីខំដេញវាយប្រហារទ័ពនគរឈិន នៅខាងក្រៅបន្ទាយ។

ចំណែកប៉ៃឈី ពេលឱកាសមកដល់ គេក៏បញ្ជូនកម្លាំងទៅវាយកាត់ពីក្រោយ បំបែកកងទ័ពរបស់ចូវខ ជាពីរផ្នែក

ហើយឡោមព័ទ្ធពីមុខពីក្រោយ ងាកទៅខាងណាក៏មិនរួច រកផ្លូវបញ្ជូនសារទៅទ័ពជំនួយពីរាជធានីក៏មិនបាន។

ព្រមពេលនោះដែរ ប៉ៃឈី ក៏បានឲ្យកូនចៅស្រែកបំភិតបំភ័យថា "ក្នុងសង្រ្គាមនេះ ប៉ៃឈី ជាអ្នកបញ្ជាទ័ពទាំង

នោះ!" ធ្វើឲ្យទាំងកូនទាហានទាំងមេទាហាននាំគ្នាភ័យលោះព្រលឹងគ្រប់ៗគ្នា។

          ក្រោយពីជាប់ក្នុងរង្វង់ឡោមព័ទ្ធអស់ ៤៩ថ្ងៃ ស្បៀងអាហារក៏អស់ កងទ័ពកាប់សម្លាប់គ្នាឯងដើម្បីយក

សាច់អ្នកស្លាប់មកស៊ី។ ចូវខ បង្ខំចិត្តជ្រើសរើសយកកងទ័ពពិសេស ៥០០០នាក់ វាយទម្លុះរង្វង់ឡោមព័ទ្ធ តែមិន

បានសម្រេច ទើបត្រូវក្ស័យសង្ខារក្នុងសមរភូមិនោះទៅ។ ចំណែកកូនចៅក៏រត់បែកខ្ញែកខ្ចាត់ខ្ចាយ ក្រុង ឆាងភិង

ត្រូវទ័ពឈិនវាយយកបាន។ ស្តេចស៊ាវឈិន នឹកខុសខ្លួន ចាត់គេទៅហៅ លានប៉ ឲ្យត្រឡប់មកវិញ ប៉ុន្តែហួស

ពេលនឹងកែទៅហើយ។

 

»  តើគេអនុវត្តច្បាប់វិន័យបានល្អដែរឬទេ?

    -   ហានស៊ិន ប្រើច្បាប់អាជ្ងាសឹក

             បន្ទាប់ពី លីវប៉ាំង បានប្រារព្វពិធីទទួល ហានស៊ិន ឲ្យចូលកាន់តំណែងជាអគ្គមេបញ្ជាការទ័ព និងប្រគល់

ដាវអាជ្ញាសឹកគ្រប់គ្រងទ័ពឲ្យ ធ្វើឲ្យបណ្តាមេទ័ពដែលធ្លាប់បម្រើ លីវប៉ាំង មកពីមុនបានសម្តែងការមិនពេញចិត្ត

ជាខ្លាំង និងនាំគ្នាខ្សឹបខ្សៀវនិទ្ទាដល់ ហានស៊ិន ថា "ក្មេងមិនទាន់បាត់ក្លិនទឹកដោះនៅឡើយ ចេះតែយកមក

តម្កើងឲ្យត្រួតក្បាលពួកយើងផង?" ហើយពួកគេក៏នាំគ្នាបញ្ចេញឫកពាក្រអឺតក្រទម ឌឺដងដាក់ ហានស៊ិន។

ចំណែក ហានស៊ិន មិនខ្វល់ឈឺក្បាលនឹងរឿងទាំងនោះទេ គេគិតតែពីខំរៀបចំអនុវត្តច្បាប់វិន័យឲ្យបានតឹងរ៉ឹង

ត្រឹមត្រូវប៉ុណ្ណោះ ដោយយល់ឃើញថា កងទ័ពគ្មានវិន័យ យកទៅប្រើការអ្វីមិនកើតទេ!

           នាថ្ងៃមួយ ហានស៊ិន បានដាក់បទបញ្ជាឲ្យធ្វើការសមយុទ្ធ ដោយចាត់ឲ្យមានការត្រួតពលជាមុននៅ

ពេលព្រឹក មុននឹងបើកហ្វឹកហាត់សមយុទ្ធ។ បណ្តាកងទ័ពចាស់ៗ ទោះបីជាមិនពេញចិត្តនឹង ហានស៊ិន តែដោយ

ហានស៊ិន មានដាវអាជ្ងាសឹកនៅក្នុងដៃក៏មិនហានជំទាស់។ ពេលត្រូតពល់ចប់ ក៏ដឹងថាមានតែមេកងល្បាតម្នាក់

ឈ្មោះ អ៊ិនកាយ ដែលពុំមានមុខនៅទីនោះ។ ហានស៊ិនមិនសួរនាំអ្វីទេ ហើយក៏បញ្ជាឲ្យធ្វើការសមយុទ្ធជាបន្តទៅ។

          លុះពេលរសៀល អ៊ិនកាយ ក៏មកដល់ទីលានធ្វើសមយុទ្ធ។​ពេលដើរមកដល់មាត់ច្រកទ្វារចូល អ្នកយាម

ក៏ឃាត់មិនឲ្យចូល ដោយប្រាប់ថា "ការសមយុទ្ធបានប្រព្រឹត្តទៅតាំងពីយូរមកហើយ បើគ្មានបទបញ្ជាពីមេទ័ពធំ

ទេ ខ្ញុំក៏មិនហ៊ានអនុញ្ញាតឲ្យលោកចូលទៅបានដែរ!..."

          អ៊ិនកាយ ឮដូច្នេះក៏ផ្ទុះកំហឹងភ្លាម "មេទ័ពស្អី?... អាគីង្គក់សម្រែងហ្នឹងឬ? ឯងប្រញាប់ទៅប្រាប់វាទៅថា

អញមកដល់ហើយវើយ!..."

          ពេលជួបនឹង ហានស៊ិន អ៊ិនកាយ ក៏សម្តែងឫកពារឹងទទឹង គ្មានក្រែងរអែងអ្វីបន្តិចឡើយ។

          ហានស៊ិន ក៏ពោលដាក់ថា "កងទ័ពត្រូវគោរពវិន័យ មេទ័ពទទួលធ្វើតាមព្រះរាជបញ្ជាថ្នាក់លើយកជា

ការណ៍... លោកជាមេកងល្បាត ហេតុអ្វីបានជាមកយឺតដល់ថ្មើរនេះ? ទោសរបស់លោកធ្ងន់ណាស់ បើមិនដាក់

ទោសយកជាគំរូនោះ គឺពិតជាមិនកើតទេ!..."

          ថាហើយ ហានស៊ិន ក៏ឲ្យចាប់អ៊ិនកាយយកទៅកាត់ក្បាល ទោះជា លីវប៉ាំងមកអង្វរសុំឲ្យទុកជីវិត ក៏

ហានស៊ិន នៅតែមិនព្រម។

 

»  ធ្វើសង្រ្គាមតែងប្រើល្បិច

    -   សេះឈើទីក្រុងថ្រយ (TROY)

          កាលពីឆ្នាំ ១២០០ មុនគ.ស ព្រះនាង អេឡែន ព្រះរាជិនីដ៏សែនស្រស់សោភារបស់ មេណាឡាអ៊ុស

ក្សត្រនៃនគរ ស្ប៉ារតា ប្រទេសក្រិច ត្រូវព្រះអង្គម្ចាស់ ប៉ារីស  នៃនគរ ថ្រយ ដែលនៅច្រាំងសមុទ្រម្ខាងទៀត

លួចពង្រត់យកមកនគររបស់ខ្លួន។ ក្សត្រ មេណាឡាអ៊ុស ទ្រង់ក្រេវក្រោធជាខ្លាំង ក៏លើកទ័ពឆ្លងសមុទ្រក្នុង

បំណងវាយកម្ទេចនគរ ថ្រយ។ ប៉ុន្តែ ដោយកំពែងក្រុងនៃគនរ ថ្រយ ទាំងមាំទាំងខ្ពស់ ទើបធ្វើឲ្យមេណាឡាអ៊ុស

ចំណាយពេលរហូតដល់ទៅ ៩ឆ្នាំក៏នៅតែមិនអាចវាយទម្លុះកំពែងក្រុង ថ្រយ នេះបានឡើយ។

          លុះដល់ឆ្នាំទី១០ មេទ័ព អូឌឹស៊ិស នៃនគរ ស្ប៉ារតា ក៏ប្រើល្បិចធ្វើសេះឈើដ៏ធំមហិមាមួយ មានទំហំធំ

និងខ្ពស់ជាងច្រកទ្វារចូលក្រុងទៅទៀត ហើយឲ្យកងទ័ពពិសេសរបស់ខ្លួនចូលទៅលាក់ខ្លួននៅក្នុងនោះ និងឆ្លាក់

តួអក្សរធំៗជារបៀបមើលងាយដល់នគរថ្រយថា «ពួកឯងគ្មានសមត្ថភាពនឹងយកសេះនេះចូលទៅក្នុងនគរដើម្បី

រួមពិធីបញ្ចប់សង្រ្គាមនេះទេ!»  រួចហើយពួកគេក៏ក្លែងធ្វើជាលើកទ័ពឡើងទូកដកថយទៅវិញប្រៀបដូចជានឿយ

ណាយនឹងសង្រ្គាមនេះហើយ។

          បណ្តាប្រជារាស្រ្តនគរថ្រយឃើញសត្រូវដកទ័ពចេញអស់ក៏នាំគ្នាបើកទា្វរចេញមកក្រៅកំពែង ឃើញសេះ

ឈើធំ រួមទាំងអក្សរឆ្លាក់ទាំងនោះក៏នាំគ្នាសើច ហើយក៏សម្រេចគ្នាថា នឹងយកសេះនេះចូលទៅក្នុងនគរ ជាកិច្ច

បញ្ចប់សង្រ្គាមឲ្យបាន។ ប៉ុន្តែដោយសារតែសេះនោះមានខ្លួនធំហើយខ្ពស់ជាងទ្វារក្រុង ទើបពួកគេ​ត្រូវរុះរើទ្វារនឹង

កំពែងក្រុងមួយផ្នែកចេញសិន ហើយក៏អូសសេះចូលទៅក្នុងនគរពោរពេញដោយក្តីសប្បាយរីករាយ ព្រមទាំង

រៀបចំពិធីជប់លៀងយ៉ាងមហោឡារិកទូទាំងនគរ ដោយមានសេះឈើដាក់បញ្ឈរយ៉ាងសង្ហារនៅពិមុខ។

          លុះពេលយប់ស្ងាត់ កងពិសេសស្ប៉ារតា ដែលសំងំនៅក្នុងសេះឈើនោះក៏នាំគ្នាចេញមក រួចស្ទុះសម្រុក

ទៅបើកទ្វារក្រុងជាបន្ទាន់។ ចំណែកកងទ័ពនៅខាងក្រៅដែលណាត់គ្នាមុនរួចជាស្រេច បានបកក្បាលទូកត្រឡប់

មកវិញ និងសសៀរមកសំងំចាំនៅក្បែរកំពែងក្រុងរួចជាស្រេច។ ពេលទម្លាយទ្វារបានហើយកងទ័ពស្ប៉ារតាក៏នាំ

គ្នាសម្រុកចូលមកក្នុងនគរ កាប់សម្លាប់មនុស្សម្នានៅក្នុងនគរថ្រយយ៉ាងឆ្ងាញ់ដៃ។

          អ្នកស្រុកថ្រយធ្វេសប្រហែស នឹកស្មានថាកងទ័ពស្ប៉ារតាឈប់ច្បាំង ជាហេតុធ្វើឲ្យត្រូវស្លាប់គរគ្នា

ពេញទាំងនគរ។ ក្សត្រ មេណាឡាអ៊ុស តាមស្វែងរកព្រះនាង អេឡែន និងព្រះរាជបុត្រាប៉ារីសទាល់តែឃើញ

និងបានសងសឹកសម្រេចតាមបំណងរបស់ខ្លួនរួចហើយក៏បញ្ជាឲ្យគេដុតនគរថ្រយទាល់តែខ្ទេចទៅជាផេះ។

 

»  បង្កបរិយាកាសឲ្យមានអំណោយផល

    -   មនុស្សល្ងង់គ្រងប្រទេស

            ជឺប៉ ជាអគ្គមេបញ្ជាការទ័ពនៃនគរជិន ត្រៀមទ័ពទៅវាយយកនគរ ឆូវអ៊ី ជានគរជិតខាង។ ដោយសារតែ

ផ្លូវពិបាកការធ្វើដំណើរត្រូវលំបាកលំបិនជាខ្លាំង ហើយបើនឹងចាត់កម្លាំងទៅធ្វើផ្លូវ រឿងសម្ងាត់នឹងត្រូវបែកធ្លាយ

ទៅដល់នគរនោះ។ ក្រោយពីគិតចុះគិតឡើងអស់មួយរយៈ ជឺប៉ ក៏គិតឃើញឧបាយកលមួយ... គេបានឲ្យជាង

រំលាយមាសផលិតជា ជួងមាស ដ៏ធំសម្បើមមួយត្រៀមយកទៅធ្វើជាជំនួនដល់គនរ ឆូវអ៊ី។ 

          ស្តេចគនរ ឆូវអ៊ី មានព្រះទ័យសោមនស្សជាខ្លាំង ចាត់រៀបចំឲ្យគេធ្វើថ្នល់ដើម្បីធ្វើពិធីដង្ហែជួងពីនគរ ជិន

មកកាន់នគរខ្លួន។ ឈីចាងម៉ាជឺ ជាមហាឧបរាជបានផ្តល់គំនិត "នេះមិនមែនជារឿងធម្មតាទេ!... តាំងពីដើមមក

មានតែនគរតូចយកជំនួនទៅថ្វាយនគរធំ មិនដែលមាននគរធំយកមកថ្វាយនគរតូចទេ ពិធីដង្ហែជួងមាសក្នុងគ្រា

នេះមុខជាមានហេតុមិនល្អដល់នគរយើងមិនលែងឡើយ... ហេតុព្រះអង្គគួរតែបដិសេធកុំទទួលទើបជាការល្អ

ក្រាបទូល..."

          ស្តេចនគរ ឆូវអ៊ី មិនព្រមស្តាប់ សម្រេចព្រះទ័យទទួលយកជួងមាសជាថ្នូរនឹងការធ្វើផ្លូវកាត់។ ឈីចាងម៉ាជឺ

ដឹងថាស្ថានការណ៍ពិតជាមិនស្រួល ដ៏ភៀសខ្លួនទៅរស់នៅឯនគរ ឈី ទៅ។

          បន្ទាប់ពីទទួលជួងមាសបាន ៧ខែ​ នគរជិនក៏ប្រើផ្លូវថ្នល់ដែលនគរឆូវអ៊ីធ្វើនោះ លើកទ័ពមកវាយយក

ឆូវអ៊ី ធ្វើជាកម្មសិទ្ធរបស់ខ្លួនទៅ។

 

»  បើសត្រូវកំពុងខ្លាំង ត្រូវពង្រឹងកម្លាំងខ្លួនឯង

    -   កាត់បន្ថយកម្លាំងសត្រូវ

          ក្នុងយុគសម័យឈុនឈីវ នគរអ៊ូ និងនគរយៀក ធ្វើចម្បាំងជាមួយគ្នាក្មានពេលស្រាក់ស្រានឡើយ។

នគរអ៊ូ ជានគរខ្លាំងជាង ទើបនគរយៀកដែលខ្សោយត្រូវខំរកវិធីទប់ទល់។ ហ្វាន់លី និង វិនចុង អគ្គមហាសេនា

បតីឆ្វេងស្តាំ បានលើកជាសំណើរ ៩ប្រការ ថ្វាយដល់ព្រះចៅ កៅជាន មហាក្សត្រនៃនគរយៀក។

          សំណើរទាំង ៩ប្រការនោះមានដូចជា ៖

     ១. បួងសួងមេឃដី សែនព្រែនដល់ខ្មោចព្រាយបិសាច ដើម្បីបង្កើតទំនុកចិត្តនិងជំនឿជឿជាក់ដល់បណ្តា

ប្រជារាស្រ្ត។

     ២. ឲ្យផ្តល់របស់មានតម្លៃ ពេជ្រនិល ចិន្តាមណី យកទៅថ្វាយព្រះចៅ ហ៊្វួឆា នៃនគរអ៊ូ ដើម្បីឲ្យព្រះអង្គខ្ពស់

មុខ បន្ថយក្តីអាឃាតពីព្រះទ័យ និងផ្តល់ជាសំណូកដល់នាម៉ឺននិងមេទ័ពនែនគរ អ៊ូ ដើម្បីឲ្យជួយគាំទ្រដល់នគរ

យៀក នៅចំពោះមុខក្សត្រនគរ អ៊ូ។

     ៣. យកប្រាក់ទិញស្បៀងអាហារពីនគរអ៊ូក្នុងតម្លៃខ្ពស់ ដើម្បីកុំឲ្យប្រជារាស្ត្រនៃនគរនេះមានសល់ស្បៀង

អាហារលើសពីរការចាំបាច់របស់ខ្លួន ដែលធ្វើឲ្យឃ្លាំងស្បៀងរបស់រដ្ឋពុំមានស្បៀងនៅសេសសល់។

     ៤. បញ្ជូនស្រីស្អាត់ៗទៅឲ្យស្តេចនគរ អ៊ូ ដើម្បីពង្វក់ព្រះអង្គឲ្យឈ្លក់វង្វេងនឹងរូបសម្ផស្ស រសជាតិ ក្លិន

សំឡេង ធ្វើឲ្យព្រះអង្គទន់ជ្រាយ គំនិតប្រាជ្ញាអន់ថយ។

     ៥. រកជាងសាងសង់ល្អៗទៅថ្វាយ ឲ្យព្រះអង្គចាប់ព្រះទ័យជាធំអំពីការសាងសង់ប្រាសាទ រាជវាំង ដើម្បីឲ្យ

ចាយវាយខ្ជះខ្ជាយទ្រព្យសម្បត្តិពីក្នុងព្រះឃ្លាំង។

     ៦. ឲ្យសេនាមន្ត្រីអែបអបលើកជើងបញ្ជោរ ពន្យុះឲ្យស្វែងរកតែរឿងកម្សាន្ត សប្បាយមិនរើសមុខ ដើម្បីឲ្យ

ភ្លេចគិតអំពីរឿងប្រទេសជាតិ។

     ៧. រកមធ្យោបាយធ្វើឲ្យមន្ត្រីអែបអបនិងមន្រ្តីសុចរិតបែកបាក់គ្នា ឲ្យមន្រ្តីអែបអបបានកាន់អំណាច ហើយ

បណ្តេញមន្រ្តីសុចិរិតឲ្យចេញពីតំណែង។

     ៨. នគរ យៀក ខ្លួនឯងត្រូវពង្រឹងផ្ទៃក្នុងឲ្យរឹងប៉ឹង ធ្វើឲ្យប្រជាជនមានក្តីសុខកងទ័ពរឹងមាំ ត្រៀមបម្រុងអាវុធ

យុទ្ធោបករណ៍និងស្បៀងអាហារ សំងំចាំធ្វើសឹកសង្រ្គាមយ៉ាងស្ងាត់ស្ងៀម។

     ៩. ហ្វឹកហាត់កងទ័ពឲ្យបានល្អ ត្រៀមធ្វើសង្រ្គាមជាមួយនគរ អ៊ូ ទាល់តែឈ្នះ។

          ក្រោយពីព្រះចៅ កៅជាន នៃនគរយៀក បានចាត់អនុវត្តតាមវិធីនេះហើយនគរ អ៊ូ ក៏កាន់តែចុះខ្សោយ

ទៅៗដាលំដាប់។ ទៅបំផុត នគរយៀក ក៏អាចវាយបំបាក់នគរ អ៊ូ សងសឹកបានដូចបំណង។

 

»  បើសត្រូវមានអំណួត ត្រូវធ្វើឲ្យគេក្អេងក្អាង

    -   ម៉ទូ ស្តារគិត្តិយស           

          កាលពីឆ្នាំ ២០៧ មុនគ.ស ក្នុងកុលសម្ព័ន្ធ តានយី នៃជនជាតិសុងនូ ម៉ទូ បានសម្លាប់ឪពុកឯងនិងតាំង

ខ្លួនជាមេកុលសម្ព័ន្ធ ធ្វើឲ្យមេកុលសម្ព័ន្ធតុងហ៊ូ ដែលមានកម្លាំងខ្លាំងជាង បានដឹងដំណឹងនេះ ក៏បញ្ជូនទូតរបស់

ខ្លួនឲ្យមកទាមទារសុំយកសេះពាន់លីដ៏ល្បីល្បាញរបស់កុលសម្ព័ន្ធ តានយី។ ម៉ទូ បានលើកសំណើអំពីការចង់

រក្សាចំណងមេត្រីជាមួយអ្នកជិតខាង អូសទាញឲ្យបណ្តាប្រជាជនកុលសម្ព័ន្ធក្រោមបញ្ជារបស់ខ្លួនយល់ស្របតាម

ដោយព្រមប្រគល់សេះពាន់លីទៅឲ្យគេ នៅក្រោមការក្តៅក្រហាយរបស់អ្នកនៅក្រោមបង្គាប់។

          មេកុលសម្ព័ន្ធ តុងហ៊ូ នឹកស្មានថា ម៉ទូ ខ្លាចញញើតដល់ខ្លួន មិនហ៊ានជំទាស់ទើបទៅជាបានចិត្ត ក៏ទាម

ទាឲ្យ ម៉ទូ បញ្ជូនស្រីស្អាតៗមកឲ្យខ្លួនទៀត។ ម៉ទូ មិនព្រមស្តាប់តាមការជំទាស់របស់កូនចៅទេ គេក៏បញ្ជូនស្រី

ស្អាតៗទៅឲ្យកុលសម្ព័ន្ធ តុងហ៊ូ ទៅ។

          មេកុលសម្ព័ន្ធ តុងហ៊ូ កាន់តែបានចិត្ត ទៅជាក្អេងក្អាងលើសដើម ទាមទារឲ្យម៉ទូប្រគល់ទឹកដីតានយី

ថែមទៀត។ ម៉ទូយល់ឃើញថាដល់ពេលវេលាដែលត្រូវប្រដែប្រដៅពួកតុងហ៊ូឲ្យស្គាស់ថ្នាំខ្លាំងម្តងហើយ ទើប

ឡើងបំផាយសេះនាំកងកម្លាំងវាយលុកទៅលើពួកតុងហ៊ូយ៉ាងលឿនរហ័ស ក្រោមសម្រែកជយឃោស អបអរ

របស់ជនជាតិកុលសម្ព័ន្ធ តានយី យ៉ាងកងរំពង។

          កុលសម្ព័ន្ធ តុងហ៊ូ ធ្លាប់ទាមទារពីដង បានតាមបំណងទាំងពីរដង ធ្វើឲ្យខ្លួនទៅជាក្អេងក្អាង មើលងាយ

ពួក តានយី។ គេយល់ឃើញថា តានយី ច្បាស់ជាលុតក្រាបក្រោមអំណាចរបស់ខ្លួនហើយមុខជានឹងយល់ព្រម

ប្រគល់ទឹកដីមកឲ្យខ្លួនដោយគ្មានប្រកែកអ្វីឡើយ ទើបគ្មាននឹកញញើត និងគ្មានបានត្រៀមកងកម្លាំងសម្រាប់ធ្វើ

សឹកសង្គ្រាមអ្វីឡើយ ដែលជាហេតុធ្វើឲ្យពួក តានយី វាយកម្ចាត់គ្មានសល់អំបាតមួយឡើយ។ តុងហ៊ូ ក៏រលាយ

បាត់ឈ្មោះចាប់ពីពេលនោះមក។   


Book not found !!!!!!!!!!

 

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017