យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ទ្រឹស្តីពហុបញ្ញា

ចេញថ្ងៃទីៈ [27-11-2013] | បើកមើលៈ 7673 | Print | 

         លោក ហូវ៉ាដ ហ្កាដណ័រ  ជាសាស្រ្តាចារ្យផ្នែកចិត្តវិទ្យា នៅមហាវិទ្យាល័យហាវើដ។ គាត់បានសរសេរសៀវភៅ 

Frames of Mind: The Theory of Multiple Intelligences (បែបផែននៃការគិតៈ ទ្រឹស្តីពហុបញ្ញាឬទ្រឹស្តីនៃភាពឆ្លាតពូកែ

ផ្សេងៗ) អស់រយៈពេលជាង ២០ ឆ្នាំកន្លងមកហើយ។ មនុស្សភាគច្រើនតែងទទួលស្គាល់អំពីគំនិតដែលថា ភាពឆ្លាត

របស់មនុស្សអាចវាស់បាន ដោយធ្វើតេស្តសាកល្បងរកផលធៀបបញ្ញា Intelligence Quotient ឬ IQ រកឃើញដោយ

អ្នកចិត្តវិទ្យាបារាំងពីរអ្នក ហើយដែលគេនាំគ្នាយកមកប្រើប្រមាណជាង ១០០ ឆ្នាំមកហើយ។ អ្នកដែលធ្វើតេស្តបានពិន្ទុ IQ

ខ្ពស់បានន័យថាគេជាមនុស្សឆ្លាត មានឱកាសល្អច្រើនក្នុងជីវិត។ ឯអ្នកដែលបានពិន្ទុ IQ ទាប បានន័យថាគេមានភាពឆ្លាតតិច

ឱកាសល្អសម្រាប់ជីវិតក៏តិចតួចទៅតាមនោះដែរ។

"តាមទស្សនៈរបស់ខ្ញុំ បើយើងទទួលស្គាល់អំពី សមត្ថភាពខាងភាសាឬតក្កវិជ្ជាថាជាភាពឆ្លាតពូកែនោះ យើងក៏អាចហៅ

សមត្ថភាពខាងតូរ្យតន្ត្រី ឬសមត្ថភាពនៃការយល់ដឹងអំពីទីតាំងក្នុងលំហ (Spatial) របស់វត្ថុផ្សេងៗថាជាភាពឆ្លាតពូកែបាន

ដូចគ្នាដែរ។ តែខ្ញុំជំទាស់នឹងសម្មតិកម្ម បែបគ្មានអ្វីជាសំអាងដែលថា សមត្ថភាពមួយចំនួនប៉ុណ្ណោះដែលរាប់ថាជាភាព

ឆ្លាតពូកែ ដោយមិនព្រមទទួលស្គាល់សមត្ថភាពក្នុងផ្នែកផ្សេងៗផង"  (ហូវ៉ាដ ហ្កាដណ័រ - Howard Gardner)

         សៀវភៅ Frames of Mind បានលើកបង្ហាញថា ដោយសារតែការធ្វើតេស្ត IQ ជាទូទៅផ្តោតទៅលើតែភាពឆ្លាតខាង

តក្កវិជ្ជានិងគណិតវិទ្យាធ្វើជាគោល វានាំឲ្យការធ្វើតេស្ត IQ មិនមែនជាការវាស់ធៀបសក្តានុពលទាំងមូលរបស់មនុស្សឲ្យល្អ

ពិតប្រាកដបានទេ។ ការធ្វើតេស្ត IQ គ្រាន់តែអាចទស្សន៍ទាយបានថា តើអ្នកអាចមានឱកាសរៀនបានកម្រិតណា តែមិនអាច

ទស្សន៍ទាយបានថា តើអ្នកមានសមត្ថភាពតែងបទភ្លេងសាំងហ្វូនី អាចយកឈ្នះលើការបោះឆ្នោតធ្វើនយោបាយ សរសេរ

ប្រូក្រាមកុំព្យួទ័របានឬមានជំនាញខាងភាសាបរទេសដែរឬទេ... នោះឡើយ។

         លោក ហ្កាដណ័រ បានប្រាប់ថា ទន្ទឹមនឹងយើងចង់សួរថា "អ្នកឯងពូកែប៉ុនណាទៅ?"

         (How Smart are You?) តែយើងគួរប្តូរសំណួរទៅតាមរបៀបដែលឆ្លាតជាងនេះដូចជា

         "អ្នក​​​​​ឯងពូកែដូចម្តេច?" (How are you smart?)។

         យើងគ្រប់គ្នាសុទ្ធតែដឹងហើយថា អ្នកដែលរៀនបានពិន្ទុល្អនៅក្នុងសាលា មិនមែនសុទ្ធតែបានជោគជ័យក្នុងជីវិត

ទាំងអស់គ្នាទេ ហើយយើងក៏សុទ្ធតែធ្លាប់ស្គាល់អ្នករៀនពូកែមួយចំនួនដែលជីវិតរបស់គេមានដំណើរបែប "មុជមិនជ្រៅ

ទៅមិនឆ្ងាយ" ប៉ុន្មានដែរ។ ម្យ៉ាងទៀត នៅមានប្រការខ្លះដែលមានមនុស្សមួយចំនួនដូចជាលោក ម៉ូហ្សាត ហែនរី ហ្វដ

ឆឺឈីល ឬមហាត្មៈគន្ធី ដែលបានទទួលជោគជ័យក្នុងជីវិត មិនមែនដោយសារគ្រាន់តែមាន IQ ខ្ពស់នោះទេ។

         សៀវភៅ Frames of Mind ក្រៅពីបានរិះគន់ទៅលើគំនិតបុរាណដែលប្រកាន់យកតែរឿង IQ ហួសហេតុនោះ

លោកហ្កាដណ័រ បានចង្អុលបង្ហាញឲ្យយើងលើកសរសើរទៅលើភាពឆ្លាតពូកែក្នុងផ្លូវផ្សេងៗដែលមនុស្សយើងតែង

ជួបប្រទះក្នុងឆាកជីវិតប្រចាំថ្ងៃរួចទៅហើយថា

         យើងម្នាក់ៗមានវិធីក្នុងការពង្រីក

         និងបង្ហាញពីភាពខ្លាំងពូកែរបស់ខ្លួនរាងៗខ្លួនឲ្យបានច្រើនយ៉ាង។

         ជោគជ័យនៃជីវិតរបស់យើងម្នាក់ៗ

         កើតឡើងដោយសារការចេះហ្វឹកហាត់ឲ្យវាកាន់តែរីកចម្រើន

         និងចេះប្រើភាពឆ្លាតពូកែផ្សេងៗរបស់ខ្លួនជាបន្តបន្ទាប់

         ទៅតាមដំណាក់កាលនីមួយៗនៃជីវិតរបស់យើងនោះឯង។

  • ភាពឆ្លាតពូកែក្នុងផ្លូវផ្សេងៗ

         ហ្កាដណ័រ បានលើកឡើងថា មនុស្សយើងមាន "សារជាតិ" នៃភាពឆ្លាតពូកែក្នុងការប្រឈមមុខនៅលើលោកយើង

ដើម្បីបំពេញតម្រូវការក្នុងផ្លូវផ្សេងៗយ៉ាងតិច ៨ យ៉ាង រួមទាំងភាពឆ្លាតខាងភាសានិងគណិតវិទ្យា ដែលប្រព័ន្ធសិក្សា

ពីសម័យមុនឲ្យតម្លៃខ្ពស់ជាងផ្នែកផ្សេងៗផងដែរ។

         ភាពឆ្លាតពូកែផ្សេងឬពហុបញ្ញា (Multiple Intelligences) ដែលលោក ហា្កដណ័រ បែងចែកទាំង ៨ យ៉ាងនោះមាន៖

         ១.​ ភាពឆ្លាតពូកែខាងភាសា (Linguistics Intelligence):  

         ជាភាពឆ្លាតពូកែក្នុងការចេះប្រើភាសាដូចជា ការឆាប់យល់ពីអត្ថន័យផ្សេងៗ ការពូកែនិយាយ ពូកែសរសេរ

ការចេះផ្តល់ព័ត៌មានឲ្យអ្នកទទួលបានយល់ច្បាស់លាស់ ការផ្តល់សញ្ញាខាងអារម្មណ៍ឲ្យអ្នកដទៃអាចយល់បានល្អ សមត្ថភាព

ក្នុងការរៀនភាសាបរទេស។ល។ អ្នកដែលឆ្លាតពូកែក្នុងផ្នែកនេះមានជាអាទិ៍ដូចជាអ្នកនិពន្ធ កវី អ្នកឃោសនា អ្នកច្បាប់

អ្នកនយោបាយជាដើម។ ប៉ុន្តែសមត្ថភាពក្នុងផ្នែកនេះមានសារៈសំខាន់សម្រាប់មនុស្សគ្រប់គ្នា  ព្រោះថាចំណេះដឹងខាងភាសា

គឺជាគ្រឹះសម្រាប់ឲ្យយើងទៅរៀនមុខវិជ្ជាដទៃផ្សេងៗទៀតបានល្អ។ បើយើងមិនពូកែខាងភាសាទេ យើងអាចនឹងមាន

ការលំបាកក្នុងការពង្រីកសមត្ថភាពយល់ដឹងរបស់ខ្លួនទៅលើផ្នែកផ្សេងៗទៀតជាមិនខាន។ អ្នកមានសមត្ថភាពក្នុងផ្នែក

នេះតែងសម្បូរមិត្តភក្តិ ពូកែទាក់ទងអ្នកដទៃ បើនឹងនិយាយស្តីអ្វីតែងមានគេចូលចិត្តស្តាប់។ គេក៏ជាអ្នកពូកែស្តាប់និង

ពូកែសង្កេត ហើយឆាប់យល់ពីកាយវិការឬអាកប្បកិរិយាផ្សេងៗរបស់មនុស្សផងដែរ។

         ២. ភាពឆ្លាតពូកែខាងតក្កៈនិងគណិតវិត្យា (Logical-Mathematical Intelligence): 

         ជាសម្ថភាពក្នុងការពិនិត្យបញ្ហាផ្សេងៗប្រកបដោយហេតុផល ហើយមានផែនការច្បាស់លាស់ទៅតាមការគន់គូរ

បែបវិទ្យាសាស្ត្រ ពុំមែនចេះតែថាឲ្យរួចពីមាត់ឬថាព្រាវៗនោះទេ។ អ្នកឆ្លាតពូកែក្នុងផ្នែកនេះមានដូចជា អ្នកវិទ្យាសាស្ត្រ

អ្នកគណិតសាស្រ្ត អ្នកស្រាវជ្រាវ អ្នកសរសេរកម្មវិធីកុំព្យូរទ័រ អ្នកហិរញ្ញវត្ថុ វិស្វករជាដើម។

         ៣. ភាពឆ្លាតពូកែខាងតូរ្យតន្ត្រី (Musical Intelligence):      

         សមត្ថភាពក្នុងផ្នែកនេះគឺការយល់ដឹងនិងការចេះបង្កបង្កើតតន្រ្តី យល់ដឹងអំពី សំឡេង ចង្វាក់ភ្លេង និងទម្រង់រួមរបស់

តន្រ្តី។ អ្នកពូកែក្នុងផ្នែកនេះមានដូចជាអ្នកតែងបទភ្លេង តន្ត្រីករ DJ អ្នករៀបចំកម្មវិធីតន្ត្រី អ្នកវិភាគរិះគន់ពីតន្ត្រី។ល។

         ៤. ភាពឆ្លាតពូកែខាងប៉ាន់ស្មានរយៈចម្ងាយ ទីតាំងក្នុងលំហ (Spatial Intelligence): 

         អ្នកពូកែផ្នែកនេះ គឺជាអ្នកពូកែប្រើរូបារម្មណ៍ ពូកែចងចាំ។ គេអាចមើលឃើញរូបអ្វីៗច្បាស់នៅក្នុងរូបារម្មណ៍របស់ខ្លួន។

អាចគូសវាសរូបភាពអ្វីបានយ៉ាងសមសួន អាចប៉ាន់ប្រមាណអំពីទីតាំងវត្ថុផ្សេងៗយ៉ាងជាក់លាក់ និងយល់ដឹងបានយ៉ាងល្អថា

អ្វីគួរដាក់ត្រង់ណា អ្វីគួរនៅត្រង់ណា? អ្នកពូកែខាងផ្នែកនេះមានដូចជា ជាងគំនូរ ចម្លាក់ ស្ថាបត្យករ អ្នកឌីសាញ (Designer)

អ្នកនាំផ្លូវ (ដើរព្រៃ) វិស្វករ អ្នកវ៉ៃប៊ូល អ្នកបាញ់សត្វ។ល។ អ្នកដែលពូកែក្នុងផ្នែកនេះ បើដើរទៅតាមទីព្រៃភ្នំ ឬតាមទីក្រុងធំៗ

គេតែងពូកែចំណាំ ប្រៀបដូចមានផែនទីនៅក្នុងខួរក្បាលដូច្នោះដែរ។

         ៥.ភាពឆ្លាតពូកែខាងកាយសម្បទា ការធ្វើចលនា (Bodily - Kinesthetic Intelligence):

         ជាសមត្ថភាពនៃការគ្រប់គ្រងទៅលើការធ្វើចលនាខ្លួនប្រាណដូចជាអ្នករាំរបាំ សិល្បករ កីឡាករ សៀកជាដើម។

         ៦. ភាពឆ្លាតពូកែក្នុងការស្គាល់ខ្លួនឯង (Intrapersonal Intelligence):    

         ជាសមត្ថភាពក្នុងការស្វែងយល់ពីចិត្ត និងអារម្មណ៍របស់ខ្លួនឯង។ មនុស្សក្រុមនេះតែងរកពេលវេលាស្ងប់ស្ងាត់ដើម្បីគិត

ពីខ្លួនឯង មានសេចក្តីសុខក្នុងការគិតបណ្តើរសួរបណ្តើរពីអត្ថន័យនៃជីវិត ថាតើត្រូវធ្វើដូចម្តេចដើម្បីឲ្យជីវិតបានល្អប្រសើរ។

ភាពឆ្លាតពូកែក្នុងផ្នែកនេះជួយឲ្យយើងចេះគ្រប់គ្រងជីវិតខ្លួនបានល្អ និងចេះពង្រីកសមត្ថភាពក្នុងការងារឲ្យទទួលបាន

ជោគជ័យក្នុងឆាកជីវិត។ អ្នកឆ្លាតពូកែផ្នែកនេះមានដូចជា អ្នកនិពន្ធ ទស្សនវិទូ អ្នកអប់រំចិត្ត ពេទ្យចិត្តសាស្រ្ត។

         ៧. ភាពឆ្លាតពូកែក្នុងការស្វែងយល់ពីអ្នកដទៃ (Interpersonal Intelligence):

         ជាសមត្ថភាពក្នុងការស្វែងយល់និងចូលចុះជាមួយមនុស្សគ្រប់ប្រភេទ។ អ្នកឆ្លាតពូកែក្នុងផ្នែកនេះតែងមានបុគ្គលិក

លក្ខណៈសាមញ្ញ មិនប្រកាន់ខ្លួន តែមានជំហររឹងមាំ ច្បាស់លាស់គួរឲ្យអ្នកផងទុកចិត្ត រាប់អាន ពូកែនិយាយឲ្យយល់ស្រប

តាម មានស្នេហ៍មុខ។ មនុស្សក្រុមនេះមានដូចជា​ អ្នកនយោបាយ អ្នកប្រៀនប្រដៅសាសនា គ្រូបង្រៀន អ្នកអប់រំ អ្នកលក់ដូរ

អ្នកឃោសនាជាដើម។

         ៨. ភាពឆ្លាតពូកែក្នុងការស្គាល់ពីធម្មជាតិ (Naturalist Intelligence):

         មនុស្សយើងរស់នៅក្នុងធម្មជាតិ។ ការស្គាល់ពីធម្មជាតិក៏ជាការចាំបាច់របស់យើងដែរ។ អ្នកខ្លះអាចស្គាល់ពីនិស្ស័យ

របស់សត្វ រហូតដល់អាចបង្វឹកសត្វបានយ៉ាងងាយ អ្នកខ្លះទៀត (កាលមិនទាន់មានឧតុនិយម) គេយល់ដឹងថា អាកាសបែប

នេះត្រូមានភ្លៀងធំ ខ្យល់បែបនេះមិនអាចមានភ្លៀង ទឹក ដី អាកាស ព្រៃឈើ ព្រះអាទិត្យ ព្រះចន្ទមានប្រយោជន៍អ្វីខ្លះ

ដល់មនុស្សយើង? តើត្រូវធ្វើដូចម្តេចដើម្បីប្រើប្រាស់ធម្មជាតិឲ្យមានប្រយោជន៍ដល់មនុស្សលោក? ។ល។ អ្វីទាំងនេះ

ជាភាពឆ្លាតវៃក្នុងការស្គាល់ពីធម្មជាតិរបស់មនុស្ស។ ភាពឆ្លាតពូកែក្នុងការស្គាល់ពីធម្មជាតិ កើតឡើងដោយសារការសិក្សា

សង្កេត  ពិនិត្យទៅលើសភាវៈផ្សេងៗ ឬបរិយាកាសជុំវិញខ្លួនយើងនេះឯង។

         ក្រោយមក ហ្កាដណ័រ បានស្នើបន្ថែមភាពឆ្លាតមួយបែបទៀត គឺ "ភាពឆ្លាតទៅលើការត្រិះរិះអំពីអត្ថភាព"

(Existential Intelligence) ដែលគឺជាសមត្ថភាពក្នុងការស្វែងយល់ ត្រិះរិះ ដាក់សំណួរសួរខ្លួនឯងអំពីដំណើរជីវិតទៅតាមបែប

ទស្សនវិជ្ជា។

         ក្រោយមកគាត់បានរួមសហការក្នុងក្រុមរបស់ខ្លួន ដើម្បីសិក្សាភាពឆ្លាតខាងស្មារតី (Spiritual Intelligence) ព្រមទាំង

ភាពឆ្លាតខាងសីលធម៌ (Moral Intelligence) ផងដែរ។ ប៉ុន្តែភាពឆ្លាតទាំងបីប្រភេទចុងក្រោយនេះមានលក្ខណៈជាប្រភេទអត្ត

បុគ្គល អាស្រ័យទៅលើទំនៀមទម្លាប់វប្បធម៌ខុសៗគ្នា ដែលពិបាកនឹងរកមាត្រដ្ឋានមកកំណត់ឲ្យបានជាក់លាក់ត្រឹមត្រូវ

ទើបគាត់លុបចោលទៅវិញ នៅសល់តែភាពឆ្លាតពូកែទាំង ៨ ដែលយើងបានរៀបរាប់ពីខាងលើមកប៉ុណ្ណោះ។

"ការណ៍ដែលតស៊ូយកឈ្នះក្នុងអាជីពដ៏លំបាកៗបាន វាតម្រូវឲ្យមានជំនឿជឿជាក់និងឆន្ទៈមោះមុតពីក្នុងខ្លួន នោះជា

ហេតុផលមួយដែលអាចពន្យល់បានថា ហេតុអ្វីបានជាមនុស្សដែលមានតម្រិះបញ្ញាល្មមៗ តែបានថាមពលជំរុញពីក្នុកចិត្ត

យ៉ាងខ្លាំងក្លា អាចឈានឡើងបានខ្លស់ជាងអ្នកដទៃ ដែលមានបញ្ញាខ្ពស់ជាងខ្លួនសន្ធឹកសន្ធាប់ទៅទៀត?"

                                                            (សូហ្វៀ ឡរេន តារាភាពយន្ត)

"អ្វីម្យ៉ាងដែលអ្នកគួរសុំនៅពេលកំពុងបន់ស្រន់នោះគឺ ‍‍«បញ្ញា» ​-​​ សុំ-ឱ្យ-ខ្ញុំ-មាន-បញ្ញា - ក្រៅពីនោះអ្នកមិនចាំបាច់ខ្វល់ខ្វាយ

ពីអ្វីផ្សេងៗទៀតឡើយ សុំឱ្យអ្នកគ្រាន់តែដឹងថា តើត្រូវមានជីវិតរស់នៅដូចម្តេច? ហើយត្រូវ ធ្វើចំពោះអ្នកដទៃឱ្យដូចអ្វីដែល

យើងចង់ឱ្យគេធ្វើមកលើខ្លួន។ ប្រសិនបើអ្នកប្រព្រឹត្តទៅលើអ្នកដទៃ ដូចទៅនឹងអ្វីដែលយើងចង់​ឱ្យគេប្រព្រឹត្តមកលើខ្លួនបាន

ហើយ នោះអ្នកនឹងមិនពិបាកគិតខ្វល់ថា​តើត្រូវបរិភោគអ្វីនៅថ្ងៃស្អែក? អ្នកនឹងភ្លេចរឿងទុក្ខកង្វល់ទាំងឡាយរបស់ខ្លួន នោះ

ហើយគឺជាអត្ថន័យគ្រប់យ៉ាងសម្រាប់ជីវិត"

                                            (វីឡាដ រ៉ូដេល ប្រជារាស្រ្ត Achumawi ជនជាតិ Pit River)

  • ការប៉ះទង្គិចមកលើវិស័យអប់រំសិក្សា

         ទ្រឹស្តីរបស់ ហ្កាដណ័រ បានប៉ះទង្គិចជាខ្លាំងដល់វិស័យអប់រំសិក្សាតាមបែបចាស់ ដែលផ្តោតទៅលើភាពឆ្លាតតែពីរយ៉ាង

ខាងដើម (ភាសានិងតក្កៈ) ហើយបានអនុវត្តបែបបទរៀនសូត្រទៅលើសិស្សគ្រប់គ្នាទាំងអស់ ដោយមិនបានយកចិត្តទុកដាក់

ទៅលើភាពស្ទាត់ជំនាញ ឬភាពឆ្លាតពូកែរបស់សិស្សទៅតាមភាព "ពូកែដោយឡែកៗ" របស់គេម្នាក់ៗឡើយ។

         ប្រសិនបើយើងទទួលស្គាល់ថា

         ម្នាក់ៗមានភាពឆ្លាតពូកែពិសេសផ្ទាល់ខ្លួន

         យើងគួររៀបចំបែបបទនៃការរៀនឲ្យសិស្សម្នាក់ៗត្រិះរិះខ្លួនឯង

         ជាការរៀនបែបជួយបណ្តុះសក្តានុពលរបស់សិស្សម្នាក់ៗ

         ឲ្យបានពេញទំហឹង វាល្អជាជាងការរៀនតាមរបៀបចាស់

         ដែលមើលទៅវាសឹងតែក្លាយជាវត្ថុបុរាណទៅហើយនោះ។

         ហ្កាដណ័រ ទទួលស្គាល់ថា ចំណេះដឹងខាងចិត្តវិទ្យា ពិតជាមិនអាចយកទៅកំណត់លើនយោបាយអប់រំសិក្សាបានទេ។

ក្នុងដំណាក់កាលដំបូងៗ យើងគួរតែសិក្សាស្រាវជ្រាវបន្ថែមដើម្បីពិសោធឲ្យឃើញថា ភាពឆ្លាតពូកែទាំងអស់នេះវាពិតជាមាន

មែនឬយ៉ាងណា?

         ទោះបីជា ហ្កាដណ័រ គិតឃើញដូច្នោះក៏ដោយ ទ្រឹស្តីរបស់គាត់នៅតែគេទទួលស្គាល់ថា ប្រសិនបើប្រព័ន្ធសិក្សាអប់រំ

យកចិត្តទុកដាក់ទៅលើលក្ខណៈពិសេសរបស់ក្មេង វាល្អជាជាងការមិនយកចិត្តទុកដាក់អ្វីសោះ។

         សាស្រ្តាចារ្យនិងសាលាឈានមុខមួយចំនួនយកទ្រឹស្តីរបស់ ហ្កាដណ័រ ទៅអនុវត្តបានមួយកម្រិតដូចជា បន្ថែមសាខា

មុខវិជ្ជាឲ្យជ្រើសរើស បន្ថែមការទទួលស្គាល់ បណ្តុះបណ្តាលភាពជំនាញនិងភាពពូកែផ្សេងៗរបស់សិស្សម្នាក់ៗ ដែលអ្វីទាំង

នេះគឺជារឿងដែលត្រូវប្រើ "ថវិកា" ត្រូវការកែប្រែកម្មវិធីសិក្សា និងវិធីវាស់លទ្ធផលក្នុងកម្រិតថ្នាក់ជាតិផងដែរ។ ហេតុនេះ

ចំពោះប្រទេសដែលប្រព័ន្ធសិក្សាអប់រំមានការផ្លាស់ប្តូរលឿន ស្ថាប័នអប់រំសិក្សានិងអាណាព្យាបាលគេមានថវិកាគ្រប់គ្រាន់

គេនឹងមានឱកាសច្រើនជាងប្រទេសក្រីក្រផ្សេងៗ។

         ចំពោះប្រទេសដែលកំពុងអភិវឌ្ឍ អ្នកដឹកនាំរបស់គេពុំទាន់មានការយល់ដឹងពីទ្រឹស្តីពហុបញ្ញានេះនៅឡើយទេ។

ហេតុនេះ ការផ្លាស់ប្តូរប្រហែលជានៅឯជើងមេឃឯណោះ "សង្ឃឹមតិចតួចបំផុត" ហើយប្រសិនបើសង្ឃឹមថានឹងកើតមាន

ក៏មានតែចំពោះសាលាឯកជនខ្លះ ដែលបើកសម្រាប់តែកូនអ្នកមាន និងកូនអ្នកថ្នាក់មធ្យមប៉ុណ្ណោះ។

  • យោបល់រួម​

         អ្នកចិត្តវិទ្យាផ្សេងៗបានរិះគន់ថា ទ្រឹស្តីពហុបញ្ញារបស់ ហ្កាដណ័រ អាចនឹងកើតមកពី "បញ្ញញាណ" របស់គាត់ ជាជាង

បានមកពីការសិក្សាស្រាវជ្រាវពិតប្រាកដ។ អ្នកខ្លះទៀតយល់ថា ភាពឆ្លាតពូកែក្នុងផ្នែកផ្សេងៗរបស់មនុស្សគឺជា

"ទេពកោសល្យ" របស់គេនោះឯង។

         ទោះបីជាទ្រឹស្តីរបស់ ហ្កាដណ័រ បានធ្វើឲ្យមានការស្រាវជ្រាវបន្ថែមអំពីគំនិតថ្មីៗ និងមានការសាកល្បងកែសម្រួល

នៅក្នុងប្រព័ន្ធអប់រំឈានមុខមួយចំនួនក៏ដោយ ការធ្វើតេស្ត IQ ក៏នៅតែជាវិធីដែលគេនិយមប្រើជាបន្តសូម្បីតែនៅក្នុង

ការប្រឡងចូលមហាវិទ្យាល័យក្នុងសហរដ្ឋអាមេរិកក៏គេនៅតែប្រើវិធីវាស់ IQ នេះ​នៅឡើយដែរ។

         ​ការវាស់ IQ ជាវិធីដែលគេប្រើសម្រាប់ជ្រើសរើសមនុស្សពូកែពីក្នុងចំណោមមនុស្សច្រើនបានយ៉ាងងាយ ហើយ

ចំណាយទុនអស់តិចផងដែរដែលជាហេតុគេចូលចិត្តប្រើវាជារៀងរហូតមក។ អ្នកចេះដឹងមួយចំនួនបានអះអាងថា អ្នកដែល

មាន IQ ខ្ពស់ ច្រើនតែពូកែក្នុងផ្នែកផ្សេងៗទៀតរួមជាមួយផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ មនុស្សមាន

ការចាប់អារម្មណ៍ទៅលើទ្រឹស្តីពហុបញ្ញានេះកាន់តែច្រើនឡើង ជាពិសេសចំពោះអ្នកដែលយល់ថា សមត្ថភាពពិសេសឬ

ភាពឆ្លាតពូកែផ្ទាល់ខ្លួនរបស់គេ មិនត្រូវបានគេផ្តល់តម្លៃឲ្យយ៉ាងយុត្តិធម៌នៅឡើយ។

         ប្រការសំខាន់អាចមិនស្ថិតនៅលើថា តើគេគួររកវិធីវាស់កម្រិតភាពឆ្លាតពូកែឲ្យបានសមស្រប (ជាកណ្តាល) យ៉ាង

ណានោះទេ ប៉ុន្តែសំខាន់បំផុតនៅត្រង់ថា...

         "ប្រសិនបើយើងបានដឹងនិងមានជំនឿយ៉ាងមុតមាំថា

         ខ្លួនមានភាពពូកែនៅក្នុងផ្នែកណាខ្លះ

         ដែលយើងអាចពង្រីកវាឲ្យល្អប្រសើទៅមុខបាន

         នេះគឺជាប្រការដ៏មានប្រយោជន៍បំផុតក្នុងការរៀនសូត្រ

         និងស្ថាបនាខ្លួនរបស់បុគ្គលម្នាក់ៗឲ្យកាន់តែត្រឹមត្រូវ

         និងប្រកបដោយប្រសិទ្ធភាពខ្ពស់"

         ហ្កាដណ័រ ហៅអ្វីទាំងនេះថាជា "សមត្ថភាពនៃការដោះស្រាយបញ្ហា ក្រោមសម្ពាធបរិយាកាសរបស់ខ្លួនឯង"។

         នេះពុំមែនជាភាពឆ្លាតបែបមនុស្សស្ទើរឆ្លើងទេ តែវាជា សមត្ថភាពក្នុងការសម្រេចចិត្ត (Judgement)។ អ្នកដែល

ចេះបត់បែនវិធីគិត ហើយធ្វើអ្វីៗទៅតាមភាពឆ្លាតពូកែ ឬទៅតាមសមត្ថភាពពិសេសរបស់ខ្លួនក្នុងផ្លូវណាមួយ

គេក៏នឹងបានទៅជាម​នុស្សដែលមានជោគជ័យក្នុងជីវិតយ៉ាងពិតប្រាកដ។

         ទោះបីជាអ្នកចិត្តវិទ្យានិងសិស្សនិស្សិតខ្លះមិនព្រមទទួលស្គាល់ ហើយបានរិះគន់ទៅលើទ្រឹស្តីពហុបញ្ញានេះតាមវិធី

ផ្សេងៗក៏ដោយ តែអ្វីទាំងនោះគ្រាន់តែជាការវាយតម្លៃថាជា "ទ្រឹស្តីងាប់ក្រឡា" ឬគ្រាន់តែបារម្ភថា ខ្លាចក្រែងលោមនុស្សនាំ

គ្នាឲ្យតម្លៃទៅលើភាពឆ្លាតពូកែណាមួយហួលជ្រុលពេក ហើយបែជាទៅបន្ថយសារៈសំខាន់នៃភាសានិងតក្កៈ-គណិតវិ

ទ្យាទៅវិញ។

         មេរៀនដ៏សំខាន់ដែលយើងបានចេះដឹងពីសៀវភៅរបស់ ហ្កាដណ័រ គឺ យើងគួរតែលែងភ័យព្រួយអំពីរឿងវាស់ IQ

ឬលទ្ធផលប្រឡងនៅក្នុងសាលាផងដែរ ហើយត្រូវខំរកឲ្យឃើញថា...

         តើយើងចូលចិត្តអ្វី និងប៉ិនប្រសប់ខាងអ្វីពិតប្រាកដ?

         ហើយត្រូវខំបង្កើនខាងផ្នែកសមត្ថភាពខាងផ្នែកនោះឲ្យបានល្អបំផុត។

         រឿងនេះយើងតែងសង្កេតឃើញរាប់មិនអស់ក្នុងសង្គមយើងសព្វថ្ងៃដែលថា អ្នកមានសញ្ញាប័ត្រខ្ពស់ៗមួយគំនរ

អាចនឹងមិនមានជោគជ័យស្មើនឹងអ្នករកស៊ីឬជាងបច្ចេកទេសផ្សេងៗដែលអ្នកខ្លះរៀនពុំបានជាប់ឌីប្លូមផង ដរាបណា

អ្នកទាំងនោះនៅតែរកជំនាញពិសេសរបស់ខ្លួនឯងមិនឃើញ។

         អ្នកដែលឆ្លាតពូកែពិតប្រាកដ គេតែងដឹងថា ខ្លួនពូកែខាងអ្វី? (អាចពូកែច្រើនយ៉ាង) ហើយគេប្រើជីវិតកៀកជាប់

នឹងចំណេះទាំងនោះ។ ការដែលយើងមានសមត្ថភាពឬទេពកោសល្យខាងកាយវិការ ចិត្តគំនិត និងសម្ពន្ធភាពក្នុងសង្គម

គឺជារឿងដោយឡែក តែអ្វីដែលសំខាន់នោះគឺ

         អ្នកត្រូវចេះប្រើសមត្ថភាពពិសេសទាំងនោះឲ្យមានប្រយោជន៍

         ដើម្បីនាំជីវិតរបស់ខ្លួនដើរឆ្ពោះទៅរកជោគជ័យ។

         ហ្កាដណ័រ បានស្ថិតនៅជាមួយក្រុមស្រាវជ្រាវ Project Zero ដែលជាការស្រាវជ្រាវរយៈពេលវែងក្នុងការអភិវឌ្ឍផ្លូវបញ្ញា

និងគំនិតជឿនលឿនរបស់មនុស្ស។ គាត់សរសេរសៀវភៅចិត្តវិទ្យាសម្រាប់មនុស្សទូទៅទាក់ទងទៅនឹងការអប់រំនិងការអភិវឌ្ឍ

ចិត្តគំនិត ការស្វែងយល់ពីចំណេះដឹងបានជាច្រើនក្បាល រួមទាំងសៀវភៅ Creating Minds (1993)  ការវិភាគអំពីគំនិត

ច្នៃប្រឌិតតាមរយៈការសិក្សាទៅលើជីវប្រវត្តិរបស់ ហ្រ្វយដ៍ អាញស្តាញ ពីកាស្សូ ធីអេស អេលៀត ម៉ាថា ក្រាហេម

ព្រមទាំង មហាត្មៈគន្ធី។

         សៀវភៅចុងក្រោយរបស់គាត់គឺ Changing Minds the Art and Science of Changing Our Own and Others People's

Minds (2004) សិល្បៈនៃការផ្លាស់ប្តូរការគិតរបស់ខ្លួនឯងនិងអ្នកដទៃ។

"ប្រសិនបើមានអ្វីហៅថាជោគវាសនាពិតមែននោះ ខ្ញុំគឺជាមនុស្សម្នាក់ដែលគ្នានសំណាងបំផុតនៅលើលោក។ ខ្ញុំមិនដែលជួប

«ហេងចំតួ» ម្តងណាសោះក្នុងជីវិត។ ពេលខ្ញុំរិះរកអ្វីដែលខ្ញុំចង់បាន ខ្ញុំត្រូវចាប់ផ្តើមពីអ្វីដែលខ្ញុំមិនចង់បាន (រកមិនទាន់ឃើញ)

ចាប់វាបោះចោលម្តងមួយមុខៗ ឃើញថា ៩៩ដង គឺជាអ្វីដែលខ្ញុំមិនយក ទើបមកដល់លើកទី ១០០ នោះគឺជាអ្វីដែលខ្ញុំ

កំពុងតែរក។ អ្នកអាចនឹងធ្លាប់ឮប្រយោគរបស់ខ្ញុំរួចមកហើយថា « អច្ឆរិយ គឺជាថាមពលផ្លួវចិត្ត ១% ហើយ ៩៩% ទៀត

គឺញើសឈាម » ពិតមែនណា៎!!! ភាគច្រើន គឺការធ្វើការយ៉ាងពេញទំហឹងនោះឯង" 

                                                                  ថូម៉ាស់ អេឌីសាន

                                                    អ្នកវិទ្យាសាស្ត្រនិងប្រឌិតករសញ្ជាតិអាមេរិក

                                            អ្នកបង្កើតអំពូលភ្លើង ឧបករណ៍បំពងសំឡេង ភាពយន្ត

                                        និងឧបករណ៍ប្រើប្រាស់ផ្សេងៗប្រមាណជាង ១០០០ មុខ។


Book not found !!!!!!!!!!

 

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2018