យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

គុណសម្បត្តិអ្នកនយោបាយដ៏ល្អ

ចេញថ្ងៃទីៈ [12-07-2013] | បើកមើលៈ 3696 | Print |



      មានមតិមួយចំនួនបានបែងចែកភាពខុសគ្នារវាងអ្នក​នយោបាយនិង​​រដ្ឋបុរសថា ៖

១)​ អ្នកនយោបាយគឺបុគ្គល​ដែល​គិត​រំពឹង​ទៅ​លើ​លទ្ធផល​បោះឆ្នោតនាពេល​​ខាងមុខ និងត្រូវបានគេ​វាយ​តម្លៃថា​ជា​
បុគ្គល​ដែលជាប់ជំពាក់នឹងអំណាចបុណ្យស័ក្តិ ទោះបីជាអំណាចនោះហុចផលល្អឬមិនល្អក៏ដោយ។

២) រដ្ឋបុរសគឺបុគ្គលដែលគិតពីអនាគតរបស់ប្រទេសជាតិ ជាពិសេសអនាគតរបស់អនុជនជំនាន់ក្រោយ ពោលក្នុង
ន័យមួយទៀតគឺ រដ្ឋបុរសជាបុគ្គលដែលមានទស្សនវិស័យវែងឆ្ងាយ មានឧត្តមគតិមុតមាំចំពោះផលប្រយោជន៍របស់
ជាតិមាតុភូមិ។

       អ្នកនយោបាយដ៏ល្អគួរតែមានគុណសម្បត្តិ ៥ ប្រការដូចតទៅ ៖ 

ប្រការ ១ ៖​ ត្រូវប្រកាន់ខ្ជាប់នូវឧត្តមគតិ (Ideological Commitment)  ដូចជាបើនៅក្នុងរបបគ្រប់គ្រងប្រជាធិបតេយ្យ
ត្រូវមានជំនឿជឿជាក់លើរបបប្រជាធិបតេយ្យ ហើយត្រូវយល់ឲ្យបានច្បាស់ថា របបប្រជាធិបតេយ្យជាកម្មវិធីមាន
គោលដៅដើម្បីអ្វី ហើយទន្ទឹមគ្នានោះដែរវាក៏មានគោលដៅចុងក្រោយដ៏មានតម្លៃក្នុងនោះស្រាប់ទៅហើយ។ អ្នក
នយោបាយដ៏ល្អគឺជាបុគ្គលដែលអនុវត្តតាមកតិកាដើម្បីលើកស្ទួយដំណើរការប្រជាធិបតេយ្យដោយមិនបំពាបំពាន។ 

ប្រការទី​ ២ ៖​ ត្រូវគោរពក្រមសីលធម៌នយោបាយ​(Political Ethics)  ការមានឧត្តមគតិនយោបាយតែងតែមានក្រម
សីលធម៌នៅរួមជាមួយផងដែរ ប៉ុន្តែក្រមសីលធម៌នយោបាយអាចមានភាពលម្អិតដោយឡែកទាក់​ទងនឹងភាពត្រឹម
ត្រូវតាមច្បាប់​ភាពត្រឹមត្រូវខាងនយោបាយ  ភាពគួរឲ្យជឿទុកចិត្ត  រួមទាំងជំនឿដ៏មុតមាំ។ ទង្វើណាដែលទោះបីជា
ត្រឹមត្រូវតាមច្បាប់ក៏ដោយ  ក៏ត្រូវតែជៀសវាងផងដែរប្រសិនបើវាមានផលអាក្រក់នៅពេលក្រោយ។ ក្រមសីលធម៌
នយោបាយគឺជាឧបករណ៍ចង្អុលបង្ហាញផ្លូវប្រតិបត្តិ ចំណែកឧត្តមគតិនយោបាយមានតួនាទីប្រៀបដូចជាដួងព្រលឹង
រួមនៃរបបនយោបាយ។ 

ប្រការទី ៣ ៖ មានចំណេះដឹងផ្នែកនយោបាយ(Political Knowledge)     អ្នកនយោបាយដែលសម្រេចជោគជ័យ
ក្នុងនាមជាអ្នកដែលបំពេញប្រយោជន៍ដល់ប្រទេសជាតិនិងសង្គម មិនថាជាសមាជិកសភាឬរដ្ឋមន្រ្តីត្រូវតែមាន
ចំណេះដឹងលើផ្នែកនេះ។ ចំណេះដឹងផ្នែកនេះសំដៅទៅលើចំណេះវិជ្ជាផ្នែកនយោបាយ  សេដ្ឋកិច្ច និងសង្គម។
មានមុខវិជ្ជាម្យ៉ាងដែលកកើតនៅប្រទេសអង់គ្លេស និងដែលគេដឹងជាទូទៅថាជាវិជ្ជាសិក្សាទាក់​ទងនឹងទស្សនវិជ្ជា
នយោបាយ ​ចំណេះដឹងទាក់ទងនឹងនយាយបាយនិងសេដ្ឋកិច្ច ឬហៅថា  PPE (Philosophy, Politics and
Economics)​​។ វិជ្ជានេះមានគោលការណ៍ថា ការគ្រប់គ្រងប្រទេសត្រូវតែធ្វើឡើងដោយបុគ្គលដែលមានចំណេះ
ដឹងផ្នែកនយោបាយ រួមទាំងចំណេះដឹងខាងសង្គមការចេះដឹងខាងសេដ្ឋកិច្ចនិងជំនួញ ទាំងអំពីសេដ្ឋកិច្ចក្នុងប្រទេស
និងក្រៅប្រទេសតែអ្វីដែលសំខាន់ជាងគេគឺទស្សនវិជ្ជានយោបាយ រួមផ្សំនិងឧត្តមគតិនយោបាយនិងក្រមសីលធម៌
ដើម្បីធ្វើជាគោលការណ៍ប្រតិបត្តិ។ អ្នកនយោបាយដែលមានចំណេះវិជ្ជាបែបស្ទើរៗតែងតែបង្កគ្រោះថ្នាក់យ៉ាងធ្ងន់
ធ្ងរ ព្រោះតែការសម្រចចិត្តខុសឆ្គងបណ្តាលពីកង្វះខាតចំណេះដឹងនិងទិន្នន័យ។ 

ប្រការទី ៤ ៖ មានញាណឈ្វេងយល់ផ្នែកនយោបាយ (Political Sense)  គឺជាសមត្ថភាពក្នុងការស្វែងយល់ស្ថាន-
ការណ៍​យោបាយ ដែលអាចហុចផលល្អឬផលអាក្រក់ ដែលចាត់ទុកថាជារឿងសំខាន់បំផុត  ព្រោះការប្រមើល
ស្ថានការណ៍ខុស អាចនាំទៅរកការខូចខាតយ៉ាងធំធេង។ ហេតុការណ៍ខ្លះ កំហុសរបស់បុគ្គលម្នាក់ ដែលមើលទៅ
ហាក់ដូចជាមិនសំខាន់អ្វីប៉ុន្មានទេ តែវាអាចរីករាលដាលទៅជារឿងធំដុំរហូតកែលែងឡើងក៏មានដែរ។ 

ប្រការទី ៥ ៖ មានភាពឈ្លាសវៃផ្នែកអារម្មណ៍នយោបាយ (Political Mood)  របស់សង្គម    កង្វះខាតការយល់ដឹង
ពីអារម្មណ៍នយោបាយរបស់​សង្គមក៏អាចនាំទៅរកការខូចខាតធំៗផងដែរ។ អារម្មណ៍នយាបាយអាចបំផុសឲ្យកើត
មានឡើងដោយចលនានយោបាយ។ ការមិនយល់ដឹងពីអារម្មណ៍នយោបាយគឺជាការចង្អុលប្រាប់ឲ្យដឹងពីកង្វះ
ញាណឈ្វេងយល់ផ្នែកនយោបាយ ព្រោះទាំងពីរផ្នែកនេះមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ 

គុណសម្បត្តិទាំង ៥ ប្រការនេះជាគុណសម្បត្តិសម្រាប់អ្នកនយោបាយដ៏ល្អនិងសម្រេចជោគជ័យ  ហើយក៏ជាគុណ
សម្បត្តិចាំបាច់សម្រាប់រដ្ឋបុរសផងដែរ ព្រោះការក្លាយជារដ្ឋបុរសត្រូវតែចាប់ផ្តើមឡើងពីអ្នកនយោបាយដ៏ល្អជាមុន
សិន។ អ្នកនយោបាយដ៏ល្អពុំមែនសំដៅទៅលើអ្នកដែលជាប់ឆ្នោតនិងទទួលតំណែងខ្ពស់ៗផ្នែកនយោបាយប៉ុណ្ណោះ
ទេ  ប៉ុន្តែត្រូវតែមានគុណសម្បត្តិពិសេសៗទទួលស្គាល់ដោយមហាជនទូទៅ  មានសមត្ថភាព  មានការលះបង់ 
ទៀងត្រង់ សុចរិត មានភាពជាអ្នកដឹកនាំគួឲ្យជឿទុកចិត្ត  មានបារមីខ្ពស់ មានឧត្តមគតិ ក្រមសីលធម៌ល្អអាចធ្វើជា
គំរូសម្រាប់មនុស្សទូទៅផងដែរ។  

(អត្ថបទប្រែសម្រួលពីបរទេស ដោយ គឹម ចាន់ណា)

 


ចុច Like ដើម្បីចែករំលែក

អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សង្គមវិទ្យា - សេដ្ឋកិច្ច - នយោបាយ»

ផែនការអភិវឌ្ឍ​ជនបទ​របស់​កូរេខាង​ត្បូង [30-September-2013]
ដំណើរវិវត្តន៍នៃច្បាប់ [18-September-2013]
គុណសម្បត្តិអ្នកនយោបាយដ៏ល្អ [12-July-2013]

បង្ហាញអត្ថបទទាក់ទងទាំងអស់​

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017