យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

បទពិសោធនៃការបកប្រែ

ចេញថ្ងៃទីៈ [20-06-2013] | បើកមើលៈ 3680 | Print |



 

១.  ដូចម្ដេចហៅថាបកប្រែ?

     ការបកប្រែ (ឬប្រែភាសា) គឺការនាំយកទិន្នន័យ (ចំណេះដឹងផ្សេងៗ  បទពិសោធ  ទស្សនៈ  គំនិត  អារម្មណ៍...) 
ពីអ្នកនិពន្ធ (ជាភាសាដើម)  យកមកអធិប្បាយឲ្យអ្នកអាន ឬអ្នកស្ដាប់​បានយល់​ដឹង (ដោយភាសាថ្មីមួយទៀត)។

     ការប្រែភាសាដែលចាត់ទុកថាល្អត្រឹមត្រូវ  គឺការណ៍ដែលអាចបកស្រាយទិន្នន័យរបស់​អ្នកនិពន្ធបានចំសេចក្ដី
និងអស់សេចក្ដីបំផុត។

 

២.  ហេតុអ្វីទើបចាំបាច់​ត្រូវមានការបកប្រែ (សៀវភៅ)

     - ជាការឆ្លើយតបទៅនឹងបញ្ហាកង្វះខាតឯកសារជាភាសាជាតិសម្រាប់​ការសិក្សា  ស្រាវជ្រាវទិន្នន័យផ្សេងៗ 
ចំណេះដឹង  បច្ចេកវិទ្យា  អត្ថបទនិពន្ធ ។ល។

     - អ្នកអានភាគច្រើនខ្វះសមត្ថភាពផ្នែកចំណេះដឹងនៃភាសាបរទេសទន្ទឹមនឹងប្រភពទិន្នន័យ​​  ជាភាសាបរទេស
​ដែលមានប្រយោជន៍មានយ៉ាងច្រើនសម្បូរបែប។

     - អ្នកអានពិបាកស្វែងរកប្រភពឯកសារ... មិនដឹងពីប្រភពទិន្នន័យ...។ល។

     - យើងត្រូវការស្វែងយល់​នឹងរៀនសូត្រពីគំនិតប្លែកថ្មីរបស់​អ្នកនិពន្ធល្បីៗ។

     - ជាតម្រូវការចាំបាច់​នៅគ្រប់សង្គមនិមួយៗ។

៣.  សារៈសំខាន់​នៃការបកប្រែ

     - រួមចំណែកលើកតម្កើងវិស័យសិក្សាធិការជាតិ  តាមរយៈស្នដៃបកប្រែក្នុងកិច្ចការស្ដារធនធានមនុស្សឡើងវិញ។

     - បើកទូលាយជើងមេឃថ្មីនៃប្រភពចំណេះដឹងឲ្យស្របតាមការវិវឌ្ឍនៃស្ថានការណ៍សកលភាវូបនីយកម្ម។

     - ជួយជំរុញវិស័យផលិតសៀវភៅអាននិងការអានឲ្យមានជំហានលោតផ្លោះទៅមុខ។

     - លើកកម្ពស់គុណភាពវិស័យតែងនិពន្ធ  សិល្បៈ  អប់​រំ ។ល។

     - លើកកម្ពស់សមត្ថភាពយល់​ដឹងដល់ធនធានមនុស្ស​និងសង្គម (ទិន្នន័យ  សេដ្ឋកិច្ច ​នយោបាយ  បច្ចេកវិទ្យា 
គតិបណ្ឌិត  ការអប់រំ...)។

៤.  ទម្រង់​នៃការបកប្រែ

      1- ការបកប្រែត្រង់តាមពាក្យ (Literal Translation) :  ជាការបកប្រែដោយ រក្សាអត្ថន័យនិងទម្រង់ទៅតាមច្បាប់
ដើម និងធ្វើឲ្យមានភាពត្រឹមត្រូវ ជាក់លាក់​បំផុត។  គេអនុវត្តវិធីនេះក្នុងការបកប្រែអត្ថបទផ្នែកច្បាប់  របាយការណ៍
ផ្សេងៗ  សន្ធិសញ្ញាអន្តរជាតិ  កាតាឡុកឧបករណ៍ប្រើប្រាស់ ឬការប្រើប្រាស់ថ្នាំជាដើម។

      2- ការបកប្រែជាអត្ថន័យ (Free Translation) :  ជាការបកប្រែដែល មិនចាំបាច់​រក្សាទម្រង់ដើមពេកទេ  តែជាការ
បូកសរុបអត្ថន័យនិងគំនិត របស់​អ្នកនិពន្ធ  រួចហើយទើបកាត់តបញ្ចេញបញ្ចូល រៀបទម្រង់ឃ្លោងឃ្លាថ្មី ដើម្បីឲ្យអ្នក
អាន ងាយយល់  ឆាប់ចាប់​អត្ថន័យបាន  ហើយ ជក់ចិត្តជក់អារម្មណ៍ ផងដែរ។   វិធីនេះគេនិយមប្រើទៅលើវិស័យ
សិល្បៈកម្សាន្ដ  ដូចជា ភាពយន្ដ  ប្រលោមលោក  អត្ថបទវិទ្យុនិងទូរទស្សន៍  ឬសៀវភៅអានផ្សេងៗជាដើម។

៥.  ដំណាក់​កាលនៃការបកប្រែ

     1-​ កំណត់​វិធិបកប្រែ ៖ កំណត់​វិធិបកប្រែឲ្យសមស្របតាមខ្លឹមសារអត្ថបទ  ព្រោះអត្ថបទនីមួយៗមានប្រភេទ
ខុសៗគ្នា ដែលតម្រូវឲ្យមានការប្រើភាសាឬឃ្លោងឃ្លាខុសៗគ្នា ដូចជាថាតើឯកសារនោះជាឯកសារប្រវត្តិសាស្រ្ត
ឬជារបាយការណ៍ ឬជាប្រលោមលោកជាដើម។

     2- ស្វែងយល់ឲ្យឃើញជាខ្លឹមសារគោលសិន ៖ ប្រែឲ្យចេញមកជាខ្លឹមសាររួមសិន ដើម្បីឲ្យយើងអាចយល់ស៊ី
ជម្រៅ​ និងអាចសរសេរជាប្រយោគខ្លីៗបាន។

     3- រៀបរៀងឃ្លាប្រយោគថ្មី ៖ បន្ថែមបន្ថយឲ្យកើតជាឃ្លាប្រយោគសមរម្យទៅតាមសិល្បៈនៃការប្រើភាសា 
សមស្របទៅតាមប្រភេទអត្ថបទ។

     4- កែសម្រួលបន្ថែម (ប៉ូលៀ) ៖ ពេលបកប្រែរួចស្រេចបាច់ហើយត្រូវពិនិត្យសាឡើងវិញ ដើម្បីកែសម្រួល
ចំណុចខ្វះខាត  ពាក្យ  អត្ថន័យ  ឃ្លា...  រហូតទាល់តែពេញចិត្តខ្លួនឯងជាមុនសិន។

៦.  ប្រការចាំបាច់​សម្រាប់​អ្នកបកប្រែ

     1- ចំណេះដឹងពីភាសាដើម (ភាសាបរទេស) ៖ ត្រូវចេះឲ្យច្បាស់ស្ទើរតែប្រហាក់ប្រហែលនឹងភាសាជាតិដែរ អាច
ស្វែងយល់អត្ថន័យបានយ៉ាងស៊ីជម្រៅ  ជាក់លាក់  ដោយបានឆ្លងកាត់ការអានច្រើន  បានស្វែងយល់ពីទំនៀមទម្លាប់
វប្បធម៌របស់ម្ចាស់របស់ភាសាដល់ទីជម្រៅ  ជាពិសេសបើធ្លាប់បានរស់នៅ ឬហ្វឹកហាត់ក្នុងប្រទេសនោះកាន់តែយូរ
កាន់តែល្អ។

     2-​ ចំណេះដឹងភាសាជាតិ ៖ ប្រសិនបើចេះភាសាបរទេសក្នុងកម្រិតដ៏ល្អហើយក៏ដោយ  ប៉ុន្តែបើយើងគ្មានសមត្ថ-
ភាពក្នុងការអធិប្បាយឬពិពណ៌នាជាភាសាជាតិឲ្យបានល្អទេ  នោះគឺជារឿងពិបាកក្នុងការផ្ទេរអត្ថន័យមកឲ្យអ្នកអាន
អាចយល់បានយ៉ាងជាក់លាក់។  ហេតុនេះអ្នកចាំបាច់ត្រូវមានចំណេះដឹងភាសាជាតិយ៉ាងជ្រៅជ្រះបំផុត។

     3- មានចំណេះដឹងទូទៅយ៉ាងទូលំទូលាយបំផុត ៖ ក្នុងការបកប្រែយើងតែងតែជួបនឹងពាក្យឬសព្ទមួយចំនួនដែល
តម្រូវឲ្យយើងមានចំណេះដឹងលើមុខវិជ្ជាផ្សេងៗដូចជារូបវិទ្យា  គណិតវិទ្យា  ជីវវិទ្យា  ឬផ្នែកវេជ្ជសាស្រ្ត និងចំណេះដឹង
ទូទៅយ៉ាងទូលំទលាយបំផុត  ដើម្បីមានមូលដ្ឋានអាចធ្វើការអធិប្បាយបកស្រាយខ្លឹមសារបានយ៉ាងស៊ីជម្រៅ។

     »ករណីបកប្រែអត្ថបទដែលមានលក្ខណៈជាភាសាឯកទេស  ដូចជាផ្នែកពេទ្យជាដើម  យើងគួរមានក្រុមបកប្រែ
ដែលមានសមាជិកជំនាញបីនាក់ គឺអ្នកជំនាញភាសាដើម  អ្នកជំនាញភាសាជាតិ និងអ្នកជំនាញក្នុងមុខវិជ្ជាឯកទេស
នោះ។

៧.  គុណសម្បត្តិដើម្បីក្លាយជាអ្នកបកប្រែដ៏ល្អ

      1- មានក្ដីស្រឡាញ់វិជ្ជាជីវៈ  មានអំណត់។

      2- ស្គាល់ខ្លួនឯងថា តើយើងមានជំនាញអាចបកប្រែទៅលើផ្នែកអ្វីខ្លះ?

      3- មានទស្សនវិស័យដែលមើលឃើញប្រយោជន៍ធំៗពីរយ៉ាង  គឺសម្រាប់ខ្លួនឯងនិងសង្គម។

      4- អានច្រើន ទាំងសៀវភៅជាភាសាបរទេសនិងភាសាជាតិ។

         មានលក្ខណៈជា "អ្នកអាន 3D" :

              - យល់សេចក្ដី

              - វាយតម្លៃបាន  មើលឃើញពីចំណុចខ្លាំង  ចំណុចខ្សោយរបស់អ្នកនិពន្ធ។

              - អាចយកចំណុចល្អៗមករៀនសូត្រ  ហ្វឹកហាត់អនុវត្តតាមបាន។

      5- មានភាពជាអ្នកសិល្បៈ  ពូកែអធិប្បាយ  មានភាពល្អិតល្អន់ម៉ត់ចត់។

      6- រៀនជានិច្ច  ពូកែសង្កេត  ចង់ចេះចង់ដឹង  ខិតខំស្រាវជ្រាវជាប្រចាំ។

      7- ចេះស្ដាប់មតិយោបល់អ្នកដទៃ  ចេះទទួលយកការរិះគន់ស្ថាបនា។

 

"បកប្រែ  មិនមែនកែប្រែទេ"

"ចំណេះដឹង  គតិបណ្ឌិត  គំនិតអ្វីក៏ដោយដែលមានប្រយោជន៍ដល់ខ្លួនឯងនិងសង្គម

យើងគួរតែប្រមូលយកមកឲ្យជនជាតិយើងបានដឹង"

"ភាពរឹងមាំរបស់ជាតិមួយ  អាស្រ័យលើទស្សនវិស័យ

ដែលអាចមើលពីគុណប្រយោជន៍នៃការបណ្ដុះបញ្ញា។

បើយើងមើលមិនឃើញចំណុចនេះទេ  យើងអាចនឹងត្រូវរៀនសូត្រ

ពីមេរៀនដដែលៗក្នុងប្រវត្តិសាស្រ្តដោយជៀសមិនរួច"

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017