យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ការធ្វើសឹកសង្រ្គាម

ចេញថ្ងៃទីៈ [29-09-2012] | បើកមើលៈ 6956 | Print |



ស៊ុនជឺ ពោលថា ៖

» ប្រការចាំបាច់ក្នុងដំណើរការធ្វើសឹកសង្រ្គាមមានដូចតទៅ
រទេះវាយប្រហារ ទឹមសេះបួន មួយពាន់គ្រឿង
រទេះការពារ ទឹមសេះបួន គ្របដោយស្បែក មួយពាន់គ្រឿង
ពលទាហានប្រដាប់ដោយអាវក្រោះ មួយសែននាក់
ការដឹកជញ្ជូនស្បៀងនិងឧបករណ៍ផ្សេងៗក្នុងចម្ងាយរាប់ពាន់យោជន៍
ការចំណាយទាំងក្នុងនិងក្រៅប្រទេស
ការចំណាយផ្នែកការទូត ផ្នែកយុទ្ធោបករណ៍ ផ្នែកជួសជុល សព្វបែបយ៉ាង
ត្រូវចំណាយក្នុងមួយ€ថ្ងៃ មួយពាន់តម្លឹងមាស
បើគេមានប្រាក់គ្រប់ចំនួនទាំងនេះ
នោះគេនឹងអាចលើកទ័ពចំនួនមួយសែននាក់ទៅធ្វើសង្រ្គាមបានហើយ។

» នៅពេលវាយប្រយុទ្ធ
គោលការណ៍សំខាន់ គឺដណើ្ដមយកជ័យជម្នះឲ្យបានលឿនបំផុត
បើបណ្ដោយទុកឲ្យសង្រ្គាមអូសបន្លាយយូរអង្វែងហួសពេក
អាវុធយុទ្ធភណ្ឌក៏នឹងរិចរិលលែងមុត ពលទាហានក៏នឹងធ្លាក់ទឹកចិត្ត
ទម្រាំនឹងបានវាយលុកក្រុងធំៗ កងទ័ពក៏ខ្សោយកម្លាំងអស់ទៅហើយ
ការដែលកងទ័ពនៅដិតជាប់នឹងសង្រ្គាមយូរបែបនេះ
ទ្រព្យសម្បត្តិរបស់ជាតិក៏កាន់តែខ្សត់ខ្សោយទៅតាមនោះដែរ។

» កាលបើអាវុធក៏លែងមុត
កម្លាំងកាយក៏ចុះខ្សោយ ពលទាហានក៏បាក់ទឹកចិត្ត
ទ្រព្យសម្បត្តិក្នុងឃ្លាំងក៏ខ្វះខាតហើយនោះ
អស់បណ្ដាសាមន្តរាជ ក៏នឹងឆ្លៀតឱកាសបះបោរក្នុងពេលនោះដែរ។

» កាលបើដូច្នោះហើយ
ទោះជាមានអ្នកដឹកនាំប្រកបដោយបញ្ញាញាណឈ្លាស€វៃយ៉ាងណា
ក៏មិនអាចដឹកនាំកែប្រែស្ថានការណ៍ដ៏លំបាកនោះបានដែរ។

» ហេតុនេះ តាមដែលដឹងធ្លាប់ស្គាល់មក
ថ្វីបើការយកឈ្នះឲ្យបានលឿន វាមិនមែនសុទ្ធតែហុចផលល្អ
ប៉ុន្តែការធ្វើសង្រ្គាមយូរអង្វែង ហើយថាឲ្យប្រទេសជាតិទទួលផលល្អនោះ
គឺពិតជាមិនធ្លាប់មានទេ។

» បុគ្គលណាដែលមិនដឹងពីផលអាក្រក់€នៃសង្រ្គាមឲ្យដល់ទីជម្រៅទេ
បុគ្គលនោះក៏មិនអាចដឹងពីផលប្រយោជន៍ពិតប្រាកដ€នៃសង្រ្គាមផងដែរ។

» អ្នកជំនាញខាងយុទ្ធសាស្ត្រសង្រ្គាម
គេនឹងមិនកេណ្ឌប្រមូលកងទ័ពជាលើកទី២
គេនឹងមិនដឹកជញ្ជូនស្បៀងដល់ទៅ ៣ដង
គេយកអាវុធយុទ្ធោបករណ៍មកពីផ្ទះ តែយកស្បៀងអាហារពីសត្រូវ
ទើបគេមានទាំងអាវុធនិងស្បៀងអាហារបានគ្រប់គ្រាន់។

» ការដឹកជញ្ជូនស្បៀងអាហារទៅទីឆ្ងាយដើម្បីចិញ្ចឹមទ័ព
ធ្វើឲ្យប្រទេសជាតិត្រូវធ្លាក់ក្រីក្រយ៉ាងឆាប់រហ័ស
ប្រជានុរាស្ត្រត្រូវរងទុក្ខលំបាកវេទនា ក្តៅក្រហាយ។

» កងទ័ពទៅដល់ទីណា ទំនិញទិញដូរនៅទីនោះត្រូវឡើង€ថ្លៃ
កាលបើស្រូវអង្ករឡើង€ថ្លៃ ទ្រព្យសម្បត្តិរបស់រដ្ឋក៏ខ្សត់ខ្សោយ
កាលបើទ្រព្យសម្បត្តិរដ្ឋខ្សត់ខ្សោយ
រដ្ឋក៏ទៅគាបសង្កត់ ជំរិតឲ្យប្រជារាស្ត្របង់ពន្ធកាន់តែធ្ងន់លើសដើម
កម្លាំងក៏គ្មាន ធនធានក៏ខ្សត់
គ្រប់ផ្ទះសម្បែងគ្មានសល់អ្វី
ចំណូលរបស់ប្រជារាស្ត្រត្រូវរដ្ឋរឹបអូសយកអស់ ៧ ភាគ ១០
ប្រទេសជាតិត្រូវខាតបង់ទ្រព្យសម្បត្តិដ៏ច្រើនមហាសាល
ដូចជា រទេះសឹកបាក់បែក សេះពិការ
ស្បែកអាវក្រោះ មួកដែក ធ្នូ ព្រួញ ដាវ លំពែង ខែល គោ រទេះធុនធ្ងន់
ត្រូវបាត់បង់មិនតិចជាង ៦ ភាគ ១០។

» ហេតុនេះ មេទ័ពដែលប្រកបដោយបញ្ញាឈ្លាស€វៃផ្នែកសង្រ្គាម
គេនឹងពឹងស្បៀងអាហាររបស់សត្រូវយកមកចិញ្ចឹមទ័ពរបស់ខ្លួន។
ការបរិភោគស្បៀងអាហាររបស់សត្រូវ ១ តៅ
គឺស្មើនឹងបរិភោគស្បៀងរបស់ខ្លួនឯង ១០ តៅ
បើឲ្យសត្វពាហនៈស៊ីចំបើងរបស់សត្រូវ ១ ស៊ឺ
គឺស្មើនឹងឲ្យស៊ីរបស់ឯង ២០ ស៊ឺ។

» ប្រសិនបើចង់ឲ្យពលទាហានកាប់សម្លាប់សត្រូវ
ត្រូវបណ្តុះពួកគេឲ្យមានកំហឹងខឹងសម្បារឡើង
បើចង់ឲ្យពលទាហានដណើ្ដមស្បៀងអាហារនិងសម្ភារៈសឹកពីសត្រូវ
គឺត្រូវកំណត់ផ្តល់រង្វាន់ជាទ្រព្យសម្បត្តិមាសប្រាក់ដល់គេ
អ្នកដែលរឹបអូសយករទេះសឹករបស់ខ្មាំងបានចាប់ពី ១០ គ្រឿងឡើងទៅ
ត្រូវផ្តល់រង្វាន់អ្នកដំបូងគេនោះឲ្យច្រើនដល់កម្រិត
ហើយប្តូរទង់មកជាទង់របស់យើងវិញ
ចំណែកឈ្លើយសឹក ត្រូវប្រតិបត្តិចំពោះគេឲ្យបានល្អ ប្រើគេតាមការគួរ
បែបនេះទើបហៅថា កាន់តែឈ្នះ កាន់តែខ្លាំង។

» ហេតុនេះ ការធ្វើសង្រ្គាម ត្រូវសម្រេចយកជ័យឲ្យបានឆាប់រហ័ស
មិនមែនត្រូវពន្យារពេលនោះទេ។

» មេទ័ពដែលប្រកបដោយបញ្ញាញាណខាងសឹកសង្រ្គាម
គឺជាវីរបុរស អ្នកកំណត់ភាពរស់រានរបស់ប្រជានុរាស្ត្រ
និងជាអ្នកទទួលភារកិច្ច បង្កឲ្យមានភាពត្រជាក់ត្រជុំដល់ប្រទេសជាតិ។

បើគ្មានប្រយោជន៍ កុំចេញច្បាំង
បើមិនខ្លាំង កុំប្រើកម្លាំងទ័ព
បើគ្មានរឿងរស់ងាប់ កុំបង្កសង្រ្គាម។

 

បទវិភាគ 

          នៅក្នុងជំពូកនេះ ស៊ុនជឺ បានផ្តល់សារៈសំខាន់អំពីការធ្វើសង្គ្រាមបែបលឿនរហ័ស "ធ្វើសង្រ្គាមត្រូវ

សម្រេចយកជ័យឲ្យបានឆាប់រហ័ស មិនត្រូវពន្យាពេលនោះទេ"  ដោយផ្តោតសារៈសំខាន់ដែលចាប់ផ្តើម

ពីការមានសម្ព័ន្ធភាពជិតស្និទ្ធជាមួយកម្លាំងក្នុងសង្គម កម្លាំងធ្វើសម្ភារៈ កម្លាំងទ្រព្យ ដែលជាការឆ្លុះបញ្ចាំងឲ្យ

ឃើញពីទស្សនៈទៅលើវត្ថុនិយមបែបសាមញ្ញធម្មតា ក្នុងការសិក្សាអំពីការធ្វើសឹកសង្រ្គាម។ 

        ក្នុងយុគសម័យ ស៊ុនជឺ នៅមានជីវិត កម្លាំងផលិតរបស់សង្គមនៅទាប ការដឹកជញ្ជូនមានភាពលំបាកជា

ខ្លាំង។ ហេតុនេះ បើយកមកផ្គូផ្គងនឹងសង្គ្រាមដែលមានទំហំដ៏ធំសម្បើមនោះ គ្រាន់តែកម្រើកខ្លួនបន្តិចក៏នឹង

"ត្រូវចំណាយមួយថ្ងៃមួយពាន់តម្លឹងមាស" បាត់ទៅហើយ។ ដូច្នេះ ការអូសបន្លាយពេលធ្វើសង្រ្គាមកាន់តែយូរ

វាក៏នឹងធ្វើឲ្យ "ខាតបង់ហិនហោចកម្លាំងទ័ពនិងសេដ្ឋកិច្ច"។ ប្រការសំខាន់ម្យ៉ាងទៀត នៅសម័យនោះ បណ្តា

នគរសាមន្តរាជផ្សេងៗសុទ្ធតែចង់ពង្រឹងទឹកដីរៀងៗខ្លួន ហើយតែងវាយដណ្តើមយកពីគ្នាយ៉ាងក្តៅគគុក។ បើសិន

ជាគេទុកឲ្យសង្រ្គាមអូសបន្លាយកាន់តែយូអង្វែងមិនចេះចប់មិនចេះហើយ វាក៏នឹងបង្កគ្រោះថ្នាក់ថ្មីៗផ្សេងទៀត

ដែល "បណ្តាសាមន្តរាជដទៃនឹងឆ្លៀតឱកាសបះបោរ" បាននៅគ្រប់ពេលវេលា។ ហេតុនេះការដែល ស៊ុនជឺ

ផ្តល់គំនិតឲ្យយកជ័យជម្នះឲ្យបាបឆាប់រហ័ស គឺមានហេតុផលជាក់ស្តែងរួចទៅហើយ។ តែទោះជាយ៉ាងណា

ក៏ដោយអំពីការយកជ័យជម្នះឲ្យបានលឿនឬយូរអង្វែងនេះស៊ុនជឺពុំបានវែកញែកបែងចែក

រកការសន្និដ្ឋានណាមួយដែលអាចសម្របសម្រួលរវាងភាពខុសគ្នាបាន រួមទាំងមិនអាចបែងចែករវាងស្ថានការណ៍

ទូទៅ និងស្ថានការណ៍ដោយឡែកឲ្យបានច្បាស់លាស់នៅឡើយ ដោយប្រកាន់យកតែអំពីជ័យជម្នះឆាប់រហ័ស

ធ្វើជាគោលការណ៍រួមនៃការធ្វើសឹកសង្រ្គាមសើរៗ។ នោះគឺជាការសម្លឹងមើលបញ្ហាទៅតាមផ្លូវម្ខាងប៉ុណ្ណោះ។ 

        ដើម្បីសម្របសម្រួលរវាងនយោបាយធ្វើសង្រ្គាម និងភាពលំបាកក្នុងការដឹកជញ្ជូនស្បៀងពីសមរភូមិ

ក្រោយឲ្យទៅសមរភូមិមុខ ស៊ុនជឺ ក៏ផ្តល់គោលការណ៍ថា "ត្រូវដណ្តើមស្បៀងអាហារពីសត្រូវយកមក

ប្រើប្រាស់" និងព្រមពេលគ្នានេះដែរគេផ្តល់គំនិតថា "ច្បាំងឈ្នះសត្រូវ កម្លាំងកាន់តែរឹងមាំ" ដោយណែនាំ

ឲ្យផ្តល់រង្វាន់ឲ្យពួកពលទាហាន ប្រព្រឹត្តចំពោះឈ្លើយសឹកឲ្យបានល្អ និងប្រើប្រាស់ជ័យភណ្ឌមកបង្កើនកម្លាំង

ដល់ខ្លួនឯងឲ្យកាន់តែខ្លាំងឡើងៗ។ គំនិតនិងគោលការណ៍ទាំងនេះសុទ្ធតែជាប្រការល្អដែលអាចយកមកអនុវត្ត

បានទាំងអស់។ បើយើងពិនិត្យក្នុងស្ថានការណ៍បច្ចុប្បន្នវាប្រៀបដូចជាគំនិតបុរាណដែលយើងសុទ្ធតែធ្លាប់ដឹងរួច

មកហើយ។ ប៉ុន្តែបើនិយាយពីយុគសម័យ ស៊ុនជឺ វិញគំនិតទាំងនេះគឺជាគំនិតដ៏ជឿនលឿនបំផុត។ 

        នៅក្នុងចំណុចចុងក្រោយនៃជំពូកនេះ ស៊ុនជឺ បានសង្កត់ជាសំខាន់ទៅលើតួនាទីរបស់មេទ័ព ដែលចាត់ទុក

ជារឿងត្រឹមត្រូវហើយ ប៉ុន្តែការដែលពង្រឹងតួនាទីរបស់មេទ័ពថា "មេទ័ពដែលជំនាញខាងសង្រ្គាម" រហូតដល់

ថ្នាក់ឲ្យទៅជា "អ្នកកំណត់ភាពរស់រានរបស់ប្រជានុរាស្រ្ត ជាវិរជនបង្កឲ្យមានភាពត្រជាក់ត្រជុំដល់ប្រទេស

ជាតិ" ដោយមិនបានផ្តល់សារៈសំខាន់ទៅលើតួនាទីរបស់ប្រជាពលរដ្ឋជាធំអ្វីទេនោះ នោះគឺជាចំណុចខ្វះខាត

ព្រោះការឆ្លុះបញ្ចាំងទៅលើទស្សនៈបែបប្រវត្តិសាស្រ្ត ដែលតែងតែផ្តល់តំលៃថា វីរជនគឺជាអ្នកកំណត់អ្វីគ្រប់យ៉ាង

នោះ តាមពិតទៅ វាមិនសូវស្របនឹងការពិតអ្វីប៉ុន្មានឡើយ... ជាទូទៅ ប្រទេសដែលមានអ្នកខ្លាំងណាមួយតែ

ម្នាក់ឯង ពេលអត់ពីអ្នកនោះទៅ ប្រទេសច្រើនតែរលាយ។ ផ្ទុយទៅវិញ ប្រទេសដែលសម្បូរទៅដោយ

ប្រជាពលរដ្ឋដែលមានឈាមជ័រជាអ្នកខ្លាំង ប្រកបដោយគំនិតបញ្ញាឈ្លាសវៃនោះ ទើបប្រទេលអាចរឹង

ប៉ឹងបានយូរអង្វឺង។ 

 

ផ្នែកប្រតិបត្តិ 

»    កាលបើកម្លាំងចុះខ្សោយ ពលទាហានក៏បាក់ទឹកចិត្ត 

      ទ្រព្យសម្បត្តិក្នុងឃ្លាំងក៏ខ្វះខាតហើយនោះ 

      អស់បណ្តាសមន្តរាជ ក៏នឹងឆ្លៀតឱកាសបះបោរ 

      ពេលនោះទោះបីជាមានមនុស្សពូកែយ៉ាងណា ក៏ជួយមិនរួចដែរ។ 


      -   អង្គុយមើលខ្លាខាំគ្នា... 

          នៅសម័យចានកួក ឆ្នាំមួយនោះ នគរហាន់និងនគរវើយបានធ្វើសង្រ្គាមជាមួយគ្នាយ៉ាងត្រាំត្រែងជាងមួយ

ឆ្នាំ រកឈ្នះចាញ់មិនឃើញ។ ស្តេច ឈិនហ៊ុយ នៃនគរឈិនមានព្រះរាជបំណងចង់ចូលរួមធ្វើសង្រ្គាមនោះដែរ

ក្រែងលោអាចរកផលប្រយោជន៍បានខ្លះ ទើបកោះប្រជុំអស់មន្រ្តីសេនាបតីដើម្បីពិគ្រោះយោបល់។ ប្រជុំចុះប្រជុំ

ឡើង ម្នាក់ៗក៏មានយោបល់ទីទៃពីគ្នា មានទាំងអ្នកយល់ព្រម មានទាំងអ្នកជំទាស់ក៏មិនតិច ធ្វើឲ្យព្រះចៅ

ឈិនហ៊ុយ ស្ទាក់ស្ទើរព្រះទ័យមិនដឹងថាតើគួរត្រូវធ្វើដូចម្តេច។ 

        នៅពេលកំពុងស្ទាក់ស្ទើរនោះ ឆឹងជិន ជាអាមាត្រដ៏ឈ្លាសវៃក៏ត្រឡប់មកពីបំពេញកិច្ចការរាជការ និងចូល

មកដល់រាជធានីល្មម។ ព្រះចៅ ឈិនហ៊ុយ ក៏ហៅគេឲ្យមកជួយផ្តល់យោបល់។ ឆឹងជិន មិនបានផ្តល់ចម្លើយ

ដោយត្រង់ទេ តែគេបាននិទានរឿងមួយឲ្យព្រះចៅ ឈិនហ៊ុយ ទ្រង់សណ្តាប់។ រឿងនោះមានតំណាលថា 

        "កាលពីដើមមានបុរសម្នាក់ឈ្មោះ ពានជួងជឺ បានឃើញខ្លាដំបងពីរក្បាលកំពុងតែរករឿងខាំគ្នា គេបម្រុង

ដកដាវទៅប្រយុទ្ធនឹងខ្លាទាំងពីរ តែអ្នកនៅក្បែរខ្លួនម្នាក់បានឃាត់ថា កុំប្រញាប់ប្រញាល់ពេក... ខ្លាទាំងពីរកំពុង

តែដណ្តើមគ្នាស៊ីគោ! គួររង់ចាំឲ្យសាច់គោនោះជិតអស់ វាក៏នឹងដណ្តើមសាច់ដែលនៅបន្តិចបន្តួចនោះ... មិនយូរ

ប៉ុន្មានវាក៏នឹងខាំគ្នាវា... អាធំក៏នឹងត្រូវរបួស ឯអាតូចក៏នឹងរបួសធ្ងន់ ឬដល់ថ្នាក់ស្លាប់ក៏មាន... ពេលនោះ លោក

គ្រាន់តែប្រយុទ្ធជាមួយខ្លាមួយក្បាល ហើយគ្រាន់តែចំណាយកម្លាំងបន្តិចបន្តួចប៉ុណ្ណោះ... ធ្វើបែបនេះប្រៀបដូច

ជាលោកប្រើកម្លាំងតែម្តង តែអាចសម្លាប់បានខ្លាដល់ទៅពីរឯណោះ!... តើនេះមិនមែនជាវិធីដែលប្រសើរជាង

ទេឬ?" 

        "អឺ ណែ៎!..." ស្តេចឈិនហ៊ុយទ្រង់តម្រិះបន្តិច... "អ្វីដែលលោកនិយាយមកនេះចង់បានន័យថា ទុកឲ្យ

នគរហាន់ និងនគរវើយ ច្បាំងគ្នាសិនចុះ ចាំឲ្យនគរមួយចាញ់ នគរមួយទៀតខ្សោះកម្លាំង ទើបយើងបញ្ជូនកងទ័ព

ទៅវាយផ្តាច់យកទាំងពីរនេះតែម្តងមែនទេ?" 

        ឆឹងជិន ឱនក្បាលឆ្លើយ "គឺពិតដូចអ្វីដែលព្រះអង្គទ្រង់ព្រះតម្រិះនេះហើយក្រាបទូល!" 

        ស្តេច ឈិនហ៊ុយ ទ្រង់អនុវត្តតាមគំនិតរបស់ ឆឹងជិន។ ទីបំផុតក៏អាចវាយយកនគរទាំងពីរកមក្នុងកណ្តាប់

ដៃបានយ៉ាងងាយ ព្រោះនគរទាំងពីរសុទ្ធតែទន់ដៃរៀងៗខ្លួនអស់ទៅហើយ។

 

»    ការធ្វើសង្រ្គាមយូរអង្វែង គ្មានផលល្អដល់ប្រទេលជាតិ 

      -   សង្រ្គាម ប៉េឡូប៉ូនេស៊ុស 

           សង្រ្គាម ប៉េឡូប៉ូនេស៊ុស ជាសង្រ្គាមរវាង ក្រុងអាតែន និង ក្រុងស្ប៉ារតា កើតឡើងនៅក្នុងចន្លោះឆ្នាំ

៤៣១ មុនគ.ស និងបញ្ចប់ទៅរហូតដល់ឆ្នាំ ៤០៤ មុនគ.ស បូកសរុបទៅមានរយៈពេល ២៧ឆ្នាំ។ ក្រោយពី

សង្រ្គាមស៊ីសាច់ហុតឈាមនោះបានកន្លងផុតទៅ ភាគីទាំងពីរក៏ធ្លាក់ទន់ខ្សោយជាលំដាប់។ យុគសម័យនៃភាព

ថ្កុំថ្កើងរុងរឿងរបស់ក្រុង អាតែន ក៏ក្លាយទៅជាងងឹតអាប់អ៊ួរ ប្រៀបដូចសុរិយាអស្តង្គត ពុំមានថ្ងៃរះមកវិញឡើយ។ 

        ចំណែកក្រុង ស្ប៉ារតា ទោះបីជាភាគីទទួលជ័យជម្នះ តែបន្ទាប់ពីនោះមកភាពចម្រើនរុងរឿងដែលធ្លាប់មាន

ពីមុន ក៏ត្រូវរលាយបាត់បង់អស់ទៅវិញដែរ នៅសល់តែភាពរខេករខាកមិនខុសអ្វីពីក្រុង អាតែន ឡើយ។ 

        សង្រ្គាម ប៉េឡូប៉ូនេស៊ុស បានធ្វើឲ្យនគរទាំងពីរ បើទោះជាបានស្តារភាពថ្កុំថ្កើងរុងរឿងរបស់ខ្លួនដែល

ធ្លាប់មានមកពីអតីតឲ្យងើបខ្លះៗ ក៏ទៅជារលំរលាយទាំងពីរនគរទៅវិញ។

 

     -   ណាប៉ូលេអុង អស់អំណាច 

        នៅពេល ណាប៉ូលេអុង ក្តាប់អំណាចប្រទេសបារាំង នៅឆ្នាំ ១៧៩៩ ដោយការធ្វើរដ្ឋប្រហារ ទោះបីជា

ប្រទេសបារាំងត្រូវបានកែទម្រង់ទៅរកផ្លូវល្អស្ទើរគ្រប់វិស័យហើយក៏ដោយ តែនៅលើជ្រុងមួយទៀត

ណាប៉ូលេអុង បានព្យាយាមពង្រីកឥទ្ធពលអាណានិគមរបស់ខ្លួនឲ្យធំទូលាយដោយការពង្រីកសង្រ្គាមមិនឈប់

ឈរ។ 

        ចាប់ផ្តើមពីឆ្នាំ ១៨០០ ណាប៉ូលេអុងចាប់ផ្តើមធ្វើសង្រ្គាមផ្លេកបន្ទោរដោយលើកទ័ពឆ្លងកាត់ភ្នំ អាល់ព៍ ទៅ

ប្រយុទ្ធនិងប្រទេស អូទ្រីស។ 

        ឆ្នាំ ១៨០៣ ច្បាំងជាមួយអង់គ្លេសអស់ជាច្រើនឆ្នាំ ភាគច្រើនជាចម្បាំងផ្លូវទឹករហូតដល់ឆ្នាំ ២១ ខែតុលា

១៨០៥ ទ័ពជើងទឹកអង់គ្លេសក្រោមបញ្ជារបស់ឧត្ថមសេនីយ៍ នេលសាន់ ក៏វាយឈ្នះបារាំងនៅជ្រោយ

ត្រាហ្វាល់ហ្កា។ 

        ឆ្នាំ ១៨០៥ ច្បាំងជាមួយអាល្លឺម៉ង់និងអូទ្រីស។ 

        ឆ្នាំ ១៨០៦ ច្បាំងជាមួយរុស្ស៊ី។ 

        ឆ្នាំ ១៨០៧ លើកទ័ពធំច្បាំងជាមួយអេស្ប៉ាញនិងពរទុយហ្កាល់។ 

        ឆ្នាំ ១៨០៨ ច្បាំងជាមួយអង់គ្លេសសាជាថ្មីនៅជ្រោយអ៊ីបេរីយ៉ា។ 

        ឆ្នាំ ១៨០៩ ច្បាំងជាមួយអេស្ប៉ាញនិងអូទ្រីស។ 

        ឆ្នាំ ១៨១២ ឧត្តមសេនីយ៍ វេលិងតុន មេទ័ពអង់គ្លេស រួមជាមួយអេស្ប៉ាញវាយឈ្នះ ណាប៉ូលេអុង។ 

        ឆ្នាំ ១៨១២ ខែមិថុនា ណាប៉ូលេអុង ដឹកនាំទ័ពទៅច្បាំងនឹង រុស្ស៊ី តែត្រូវចាញ់យ៉ាងដំណំ ទើបនាំទ័ពត្រឡប់

មកក្រោយវិញ។ 

        ឆ្នាំ ១៨១៣ រៀបចំកេណ្ឌទ័ពថ្មីទៅច្បាំងជាមួយ ប្រាស្យា និង រុស្ស៊ី។ 

        សូម្បីតែនៅក្នុងខែមិថុនា ណាប៉ូលេអុង អាចយកជ័យជម្នះលើទ័ព អូទ្រីសបាន តែកងទ័ពរបស់

ណាប៉ូលេអុង កាន់តែចុះខ្សោយទៅៗគ្រប់ពេលវេលា ព្រោះត្រូវដើរចេញច្បាំងនៅគ្រប់ទិសទីត្រូវទ័ពសម្ព័ន្ធមិត្ត

កម្ទេចឯនោះបន្តិចឯនេះបន្តិច។ 

        នៅចន្លោះឆ្នាំ ១៨០៨ - ១៨១៤​ គឺជាអំឡុងពេលដែលអំណាច ណាប៉ូលេអុងចាប់ផ្តើមធ្លាក់ចុះជាបន្តបន្ទាប់។

ព្រឹត្តិការណ៍ទាំងនេះបានសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា អំណាចផ្តាច់ការរបស់ ណាប៉ូលេអុង បានមកដល់

ទីបញ្ចប់ហើយ។ អ្វីដែលសំខាន់គឺ កងទ័ពគឺជាកត្តាសំខាន់បំផុតដែលទ្រទ្រង់អំណាចរបស់ខ្លួន។ កាលបើបណ្តា

កងទ័ពបកក្រោយហើយ អំណាចក៏ត្រូវតែបកក្រោយដូចគ្នាដែរ។ 

        កាលពីដើម យុទ្ធជនរបស់បារាំង គឺសុទ្ធតែជ្រើលរើសពីក្នុងជនជាតិបារាំង។ ប៉ុន្តែនៅពេលណាប៉ូលេអុង

ពង្រីកឥទ្ធិពលកាន់តែឆ្ងាយ យុទ្ធជនទាំងនោះត្រូវជ្រើសរើសពីបណ្តាជនជាតិប៉ូឡូញ អាល្លឺម៉ង់ អ៊ីតាលី ហុល្លង់

និង និង ដាណឺម៉ាក មករួមផ្សំ។ ពួកអ្នកទាំងនោះចូលជាកងទ័ពដោយសារតែការគាបសង្កត់ និងដោយសារ

តែភ័យខ្លាចអំណាចរបស់ណាប៉ូលេអុង ច្រើនជាងការធ្វើដោយមនសិការ ហើយសូម្បីតែពួកមេទ័ពរបស់បារាំង

ដែលច្បាំងត្រាំងត្រែងលំបាកវេទនា ផ្សងគ្រោះថ្នាក់យូរអង្វែងពំមានពេលស្រាកស្រានដូច្នេះ ធ្វើឲ្យស្មារតីស្នេហា

ជាតិពុំមានសភាពខ្លាំងក្លាដូចពីមុនទៀតដែរ។ ពួកទាហានពូកែៗ ក៏ត្រូវស្លាប់ក្នុងសង្រ្គាមអស់យ៉ាងក្រាស់ក្រែល

ណាស់ទៅហើយ ចំណែកអ្នកទើបនឹងចូលថ្មីតែងតែប្រយ័ត្នប្រយែង និងផ្តោតទៅលើតែការស្វែងរកផល

ប្រយោជន៍ដល់ខ្លួនឯងជាធំប៉ុណ្ណោះ។ 

        លុះមកដល់ឆ្នាំ ១៨១៤ កងទ័ពសម្ព័ន្ធរបស់បរទេសដែលមានជាទ្រង់ទ្រាយធំចំនួន ៣ កងពល បានវាយ

លុកប្រទេសបារាំងពីទិសខាងជើងនិងខាងកើត ព្រមជាមួយគ្នានោះ ឧត្តមសេនីយ៍ វេលិងតុន នៃប្រទេសអង់គ្លេស

ដែលធ្លាប់តែវាយឈ្នះណាប៉ូលេអុង កាលពីលើកមុនក៏បានវាយលុកសម្រុកតាមច្រកប្រទេស អេស្ប៉ាញ វាយចូល

ពីទិសខាងត្បូងមកផងដែរ។ ទោះជា ណាប៉ូលេអុង ខំព្យាយាមការពារប្រទេសជាតិយ៉ាងប្តូរផ្តាច់យ៉ាងណាក៏ដោយ

ប៉ុន្តែដោយសារតែភាព ខ្សោះកម្លាំងពីការធ្វើសង្រ្គាមយូរអង្វែង អស់ជាច្រើនឆ្នាំមកហើយនោះ ធ្វើឲ្យទ័ព

ណាប៉ូលេអុង ត្រូវទ័ពសម្ព័ន្ធមិត្តក្រសោបជាប់ និងបង្ខំចិត្តព្រមចុះចាញ់ទ័ពសម្ព័ន្ធមិត្តនៅ ប៉ារីស នាចុងខែមិថុនា។

ក្រោយពីនោះបាន ១៣ថ្ងៃ ណាប៉ូលេអុងក៏ប្រកាសដាក់រាជ្យ ហើយត្រូវគេនិរទេសឲ្យទៅនៅឯកោះអាល់បា

នាកណ្តាលមហាសមុទ្រមេឌីទែរ៉ានេទៅ។  


ក្បួនតម្រាកលយុទ្ធសង្រ្គាម ១៣ជំពូក និងឧទាហរណ៍ប្រតិបត្តិ
ដែលអាចប្រើបានទាំងក្នុងសមរភូមិសង្រ្គាម និងទាំងក្នុងសមរភូមិជំនួញ
រួមមាន​ ៖

- ស៊ុនជឺ និងតម្រាពិជ័យសង្រ្គាម ស៊ុនជឺ
- ប្រមើលស្ថានការណ៍
- ការធ្វើសឹកសង្រ្គាម
- យុទ្ធសាស្រ្តវាយលុក
- ការជ្រើសរើសកលយុទ្ធ
- តេជានុភាព
- រាក់ ជ្រៅ ខ្លាំង ខ្សោយ
- យុទ្ធសាស្រ្តយកប្រៀប
- ការផ្លាស់ប្តូរកលយុទ្ធ
- ក្បួនយាត្រាទ័ព
- ភូមិសាស្រ្តសមរភូមិ
- យុទ្ធភូមិទាំងប្រាំបួន
- កម្ទេចដោយភ្លើង
- ការប្រើចារជន

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017